អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងៈ វាយតម្លៃពីសកម្មភាពប្រឆាំងគ្រឿងញៀន
ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមកទទួលបានលទ្ធផលល្អ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ដំណាក់ កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍របស់ ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។
សូមបញ្ជាក់ថាពិធីនេះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរូមជាអធិបតីពីសំណាក់ ឯកឧត្តម លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកកងកម្លាំងប្រដាប់អាវុធ មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ឯកឧត្ដម លី គឹមឡុង បានលើកឡើងពីគោលបំណងនៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្ម ភាពបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមកទទួលបានលទ្ធផលល្អ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣ដំណាក់ កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមបានបញ្ជាក់ថា យុវជន គឺជាទំពាំងស្នងឫស្សី ជាធនធានមនុស្សដ៏សំខាន់ សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ក្មួយៗក៏អាចក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល នៅតាមស្ថាប័នរដ្ឋ ទៅតាមសមត្ថិភាពរៀងៗខ្លួនជាក់ស្ដែង ដូច្នេះក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះញ្រឿងញៀននាំមកនូវការបំផ្លាញសុខភាព បំផ្លាញគ្រួសារ បំផ្លាញអនាគត និងសង្គមជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីដាស់ តឿន និងក្រើនរំលឹកដល់ជនគ្រប់រូបឲ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នានា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុសស្មារតី ក៏ដូចជាការអំពាវនាវ យកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ដំណាក់កាលរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ក្រោមពាក្យស្លោក “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ” និងក្រោមប្រធានបទ ” ត្រូវស្វែងយល់ពីកូនចៅនិងយុវជន គឺជាជំហានដំបូងដើម្បីជួយឲ្យពួកគេលូតលាស់ប្រកប ដោយសុខភាព និងសុវត្ថិភាព” ។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការបង្ការបង្ក្រាបបទ ល្មើសគ្រឿងញៀនបានចំនួន១១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២០៨នាក់ ស្រី១៩នាក់ ក្នុងនោះជនបរទេសចំនួន០៥នាក់ ដោយឡែកចំពោះអ្នកញៀនគ្រឿងញៀន ដែលបានមកទទួលការព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀននៅមណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានចំនួន៨៨នាក់ផងដែរ៕ ម.ន