ឯកឧត្តម សុខ លូ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតមួយសន្លឹក មានតម្លៃខ្ពស់ណាស់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក មានតម្លៃខ្ពស់ណាស់ សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំណាដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារនៅសង្កាត់ស្រយ៉ូវ ប្រមាណជាង៣ពាន់នាក់ ដែលជាសង្កាត់ចុងក្រោយនៃក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។

ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ជាច្រើនអាណត្តិកន្លងមក ហើយបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេ ពីគំនរផេះផង់បន្សល់ពីរបប ប៉ុល ពត មករុងរឿងដូចសព្វថ្ងៃ។ ពិសេសអាណត្តិទី៥នេះ ហេដ្ឋារចនាសម្ព័ន្ធមាន៖ ផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន សាលាសង្កាត់ មានកាន់តែច្រើន កាន់តែទំនើប និងនៅជិតមូលដ្ឋានរបស់បងប្អូនទៀតផង។

បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានសូមការអភ័យទោសពីការខ្វះខាតរបស់មន្ត្រីរាជការនៅមូលដ្ឋាន ដែលបម្រើសេវាជូនប្រជាពលរដ្ឋមិនបានល្អ និងរាល់អំពើឆ្គាំឆ្គងទាំងឡាយទាំងចេតនាក្តី អចេតនាក្តី។ ឯកឧត្តមក៏បានណែនាំមន្ត្រីឲ្យចុះជាប់ ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។

ចុងបញ្ចប់ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ ខ្លួនផងដែរ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដោយមិនត្រូវជឿតាមការញុះញង់របស់បុគ្គលមួយចំនួននោះឡើយ ដែលឃោសនាមិនឲ្យបងប្អូនទៅបោះឆ្នោត។

សូមបញ្ជាក់ថា មកដល់ពេលនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយមេគ្រួសារ ទាំង៨សង្កាត់ ក្នុងក្រុងស្ទឹងសែន សរុបប្រមាណជាង១ម៉ឺននាក់។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner