កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងចំនួន០៣ ទៅលើកិច្ចសហប្រតិបត្តិការវិស័យ អេកូឡូស៊ី និងបរិស្ថាន

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមាណិតចិន  បានបង្កើនកិច្ចសហប្រតិបត្តិការ លើកិច្ចការងារការពារបរិស្ថាន និងអេកូឡូស៊ី។ កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នេះនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចំនួន៣នេះ មានដូចជា៖ ទី១.ការបង្កើតការិយាល័យរៀបចំបង្កើត មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ទី២. កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះកម្ពុជា-ចិន និងទី៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹកកខ្វក់។

ពិធីចុះហត្ថលេខានេះ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាននៃកម្ពុជា និងឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីឯកអគ្គរាជទូតប្រទេសចិនប្រចាំនៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏បានចូលរួមនៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនេះផងដែរ។

 

ឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា កិច្ចសប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយ នៃខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងចិន-កម្ពុជា ជាពិសេសនៅលើវិស័យបរិស្ថាន ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានបង្កើតឡើង តាមរយៈជំនឿទុកចិត្តគ្នា ទៅលើគ្រប់វិស័យ ជាពិសេសវិស័យបរិស្ថាន។

ឯកឧត្តម បានបានបញ្ចាក់បន្តថា ក្រសួងនៃប្រទេសទំាងពីរបានបង្កើត កិច្ចសហការទ្វេភាគី និងពហុភាគីនៅក្នុងតំបន់ ទៅលើកិច្ចការសំខាន់ៗ ដែលនាំមកនូវផលប្រយោជន៍ ជាច្រើនជាពិសេស លើកិច្ចការការពារបរិស្ថាន ។ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការពារបរិស្ថាន និងអេកូឡូស៊ី នៅក្នុងកិច្ចការងារអភិបាលកិច្ចរបស់រដ្ឋាភិបាលប្រទេសចិន គឺបានដាក់ចេញនូវគោលនយោយបាយក៏ដូចជា យុត្តិសាស្រ្ត នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលទទួលបាននូវសមិទ្ធផលនូវកិច្ចការពារបរិស្ថាននេះ។

 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា តាមរយៈការចុះហត្ថលេខា ចុះកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន នៃកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃប្រទេសចិននេ គឺពិតជាមានសារៈសំខាន់ ណាស់ក្នុងការចូលរួមចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេស គឺការចូលរួមដោះស្រាយនូវបញ្ហាបរិស្ថាននៃប្រទេសទាំងពីរ ក៏ដូចជាសម្រាប់សកលលោក ឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។

 

ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្តថា វឌ្ឍនភាពរបស់ក្រសួងបរិស្ថាន ក្នុងអាណត្តិទី៥នេះ ក្រសួងបានដាក់ចេញនូវកំណែទម្រង់ នូវរចនាសម្ព័ន្ធ ការកសាងនូវអគារថ្មី និងការធ្វើកំណែទម្រង់នៅលើវិស័យបរិស្ថាន ក៏ដូចជាការធ្វើកំណែទម្រងស់រដ្ឋបាលសាធារណៈ ទូទៅនៅថ្នាក់ក្រោម ដើម្បីឲ្យការអនុវត្ត នូវផែនការយុត្តិសាស្រ្តនេះទទួលបានប្រសិទ្ធភាពខ្ពស់ទៅតាមគោលដៅ។

 

បន្ទាប់ពីពិធីចុះហត្ថលេខារួចមកមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិនដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

 

គួរបញ្ជាក់ថា មន្រ្តីជំនាញៗជាន់ខ្ពស់នៃប្រទេសទំាងពីរ ក៏បានបើកវេទិកាកម្ពុជា-ចិន ស្តីពីបរិស្ថានទឹកទីក្រុង និងការធ្វើបទបង្ហាញ ស្តីពីស្ថានភាព និងការគ្រប់គ្រង សំណល់ទឹកលូ ក្រុងកែប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន (ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានផងដែរ។​ម.ន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner