បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានចលនាបដិវត្តន៍ពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ

សៀមរាប៖ បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានចលនាបដិវត្តន៍ពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ ស្រង៉ែ ក្រុងសៀមរាប ដែលមានអ្នកចូលរួមប្រមាណជាង១៨៧នាក់ កាលពីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

 ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថែមទៀតថា មកដល់ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល៦៧ឆ្នាំហើយ។ គណបក្សប្រជាជនកម្ពុជា  ចាប់បដិសន្ធិក្នុងបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ។ ឆ្លងកាត់ការតស៊ូដើម្បីមាតុភូមិ និង ប្រជាជនក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានក្លាយជាគណបក្សចាស់ទុំខាងនយោបាយ មានបទពិសោធន៍ និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ ស្វែងរកសន្តិភាព តាមរយៈនៃគោលនយោបាយ ឈ្នះ ឈ្នះ ស្តាប្រទេសជាតិពីបាតដៃទទេ ឆ្ពោះទៅរកការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រជូនប្រជាជន ។ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា៖ អ្នកដឹកនាំបន្តវេនប្រពៃណីស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចទាំង៣ នោះគឺការតស៊ូរំដោះប្រជាជាតិ មាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ (ថ្ងៃ៧មករា ១៩៧៩ ) និងបានបន្តដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយជាច្រើនដំណាក់កាល  ដើម្បីមានអ្វីៗទាំងអស់ក្នុងថ្ងៃនេះ ។ 

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  បានលើកឡើងថា ដើម្បីថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ ការចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់បំផុត ។  ជាការផ្តាំផ្ញើនោះដែរ ឯកឧត្តមបណ្ឌិត មិនត្រឹមតែជំរុញឲ្យមានការចូលរួមចលនាបោះឆ្នោត ចំពោះតែប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ  ក៏ប៉ុន្តែតាមរយៈប្រធាន អនុប្រធានក្រុមបក្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើចំណាកស្រុកផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញឲ្យបងប្អូនសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជាលោកចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។  កត្តាសំខាន់ក្រុមការងារ ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនជាសមាជិកមានវ័យចាស់ជរា អំពីសុខមាភាពរបស់ពួកគាត់នៅតាមមូលដ្ឋាន រហូតដល់ថ្ងៃបោះឆ្នោត និងជំរុញដល់យុវជន និងប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កាជា សញ្ញាសម្គាល់។ ការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារបានសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន  និងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និងរួមគ្នាការពារសន្តិសុខសុវត្ថិភាព និង ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងរួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង   

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់បងប្អូនជាសមាជិក សមាជិកាទាំង ១៨៩នាក់ ម្នាក់ៗ ២០ពាន់រៀល  ព្រមទាំងបានអញ្ជើញចុះត្រួតពិនិត្យផ្លូវកា្រលគ្រួសក្រហមមួយខ្សែ ប្រវែង១ពាន់៧៣០ម៉ែត្រ ដែលសាងសង់ឡើងដោយក្រុមការងារចុះជួយសង្កាត់ស្រង៉ែ ព្រមទាំងសូមឲ្យបន្តការជួស ជុលបន្ថែមផ្លូវប្រវែង ២០០ម៉ែត្រទៀតផងដែរ៕ ម.ន

ដោយៈ ស៊ាន សុផាត

  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner