លោកឧកញ៉ា ឡូវ សុខ សាន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិខ្ទឹង ​​​​​​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

អត្ថបទដោយ៖
Kien Sereyvuth

​ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម  តំបន់ជនបទ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកឧកញ៉ា ឡូវ សុខសាន តំណាងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន      ម៉ាណែត  ជាថវិកាមួយចំនួន១ម៉ឺនដុល្លាសម្រាប់កសាង សាលាបឋមសិក្សាភូមិខ្ទឹង និងថ្នាំពេទ្យចំនួន២២០០កញ្ចប់ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិខ្ទឹង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពីសាលារៀននេះបានកើតឡើងនៅពាក់កណ្តាលឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំផុតទៅ នាពេលនោះប្រជាជនបាននាំគ្នារុះរើរោងបាយរបស់សហករណ៍ដែលនៅសេសសល់មកធ្វើជា អគារសិក្សាក្នុងវត្ត ដោយសិស្សត្រូវបានអង្គុយរៀនផ្ទាល់ដីហើយអគារគ្មានជញ្ជាំង គ្មានតុអ្វីទាំងអស់។ លោកឧកញ៉ា ឡូវ សុខសាន បានមានប្រសាសន៍នាំយកការផ្តាំសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា ដោយបានចាត់ទុកថាវិស័យអប់រំគឺជាវិស័យអាទិភាពមួយក្នុងវិស័យផ្សេងៗទៀត ព្រោះថាសង្គមជាតិ អភិវឌ្ឍន៍ រីកចម្រើនទៅបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ដូចនេះហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ បង្កើតឲ្យមានសាលារៀនគ្រប់ទីកន្លែងក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលឲ្យកូនក្មួយ ប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា ។

លោកឧកញ៉ា ឡូវ សុខសាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់  សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវវត្សរ៍ដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។

លោកឧកញ៉ា ឡូវ សុខសាន មានប្រសាសន៍ផ្តាំផ្ងើថា ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន ហើយក្នុងនោះដែរប្រាក់បៀវត្សរ៍របស់លោកគ្រូ អ្នកគ្រូក៍បានដំឡើងដែរ ដែលអាចធ្វើឲ្យជីវភាពបានធូធារប្រសើរមួយកម្រិតនេះគឺអាស្រ័យដោយមានការខិតខំនិងយកចិត្តទុកដាក់គិតគូររបស់ ប្រមុខរាជរដ្ឋាភិបាល។ ហេតុនេះសូមឲ្យបន្តសកម្មភាពនេះ ឲ្យកាន់តែរលូននិងចូល រួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នាថែររក្សា នូវសិមិទ្ធិផលនានារបស់របស់រាជរដ្ឋាភិបាលដែលបានផ្តល់ឲ្យបានគង់វង្សសម្រាប់បន្តទុកដល់កូនចៅជំនាន់ៗក្រោយទៀត។ លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខរួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋឲ្យមានសិទ្ធសេរី ភាពរហូតមកទល់ពេលបច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។

លោកឧកញ៉ា ឡូវ សុខ សាន បាននាំយកនូវថវិកាចំនួន១ម៉ឺនដុល្លាសម្រាប់កសាងសាលាបឋមសិក្សាភូមិខ្ទឹង រួមទាំងឧបត្ថម្ភការកសាងខ្លោងទ្វារសាលា បឋមសិក្សាភូមិបឹងទីង និងថ្នាំពេទ្យ២២០០កញ្ចប់ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner