ទស្សនៈកូនខ្មែរ៖បើយើងគិតពីកម្ពុជា យើងកាន់តែត្រូវការគណបក្សប្រជាជនកម្ពុជា!
ដើម្បីដឹកនាំប្រទេសមួយឆ្ពោះទៅរកការអភិវឌ្ឍដែលមានខឿនសេដ្ឋកិច្ចរឹងមាំ និងមានទឹកមាត់ប្រៃ ចាំបាច់ណាស់ដែលគេត្រូវកសាងប្រទេសដោយឈរលើមូលដ្ឋានសំខាន់៣៖ គឺសន្តិភាព អធិបតេយ្យភាព និង ឯករាជភាពពេញលេញពីបរទេស។ ប្រសិនបើប្រទេសមួយមិនអាចរក្សាមូលដ្ឋានគ្រឹះទាំងបីនេះបានទេ ប្រទេស នោះនឹងមិនអាច ងើបចេញពីនឹមត្រួតត្រារបស់បរទេសបានឡើយ។ អ៊ីចឹងហើយបានជាគេត្រូវការអ្នកដឹកនាំ ដែលមានឆន្ទៈមុតស្រួច មានឥទ្ធិពលខ្លាំងក្នុងចំណោមមហាជន ព្រមទាំងមានសមត្ថភាព និងភាពវៀងវៃ គ្រប់គ្រាន់ក្នុងការតទល់ជាមួយបរទេសរាប់ទាំងប្រទេសមហាអំណាចផងដែរ ជាពិសេសក្នុងបរិបទបច្ចុប្បន្ន នៃ ទំនាស់ផលប្រយោជន៍ដ៍ស្រួចស្រាវនៅលើសមរភូមិភូមិសាស្ត្រនយោបាយ។
ក្រឡេកមកមើលកម្ពុជា មូលដ្ឋានគ្រឹះទាំងបីនេះបាន និងកំពុងចាក់ឬសបានយ៉ាងល្អនៅលើទឹកដីអង្គរ នៃយើង។ ប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាមបែរជាជំនួសដោយសន្តិភាពពេញលេញ។ ប្រទេសដែលធ្លាប់ ស្ថិតក្រោមការលូកដៃជ្រៀតជ្រែកពីបរទេសបានក្លាយជាប្រទេសដែលមានអធិបតេយ្យភាព និងឯករាជភាព ពេញទី ហើយកំពុងឈរយ៉ាងរឹងមាំប្រឆាំងនឹងការលូកដៃពីបរទេស។ និយាយពីបុគ្គលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញម្តង ក្រៅពីជាអ្នកនាំមកនូវសន្តិភាព ក្រោមនយោបាយឈ្នះៗដ៏ល្បីល្បាញហើយនោះ គាត់ក៏ កំពុងឈរតតាំងយ៉ាងក្លៀវក្លាប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ដើម្បីការពារអធិបតេយ្យភាពជាតិ និងឯករាជ ភាពរបស់កម្ពុជាពីនឹមត្រួត្រារបស់បរទេស។ ដូច្នេះ គាត់ជាមនុស្សស័ក្តិសមជាមេដឹកនាំដែលខ្មែរត្រូវការជា ចាំបាច់។
ក្នុងដំណាកកាលបច្ចុប្បន្ន ប្រទេសនីមួយៗក្នុងលោក គេតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើ ផលប្រយោជន៍នៃប្រទេសរបស់គេ និងប្រជាជនរបស់គេជាចម្បងលើសបញ្ហាៗអ្វីទាំងអស់។ នៅក្នុងទ្រឹស្តីនៃ ទំនាក់ទំនងអន្តរជាតិ គេនិយាយថា «គ្មានទេមិត្ត គ្មានទេសត្រូវ គឺមានតែផលប្រយោជន៍»។ លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតេយ្យអាមេរិក ពីព្រោះតែគាត់បានប្រើពាក្យមួយឃ្លាថា « America First » មានន័យថា គាត់ផ្តោតលើផលប្រយោជន៍អាមេរិកាំងមុនគេ។ ពាក្យនេះជាគន្លឹះចាក់ចំ បេះដូងពលរដ្ឋអាមេរិកាំងទូទៅ ហើយក៏បានបោះឆ្នោតគាំទ្រលោកត្រាំឲ្យឈ្នះគូប្រជែង គឺលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានគោលនយោបាយការបរទេសចូលចិត្តលូកដៃចូលជ្រៀតជ្រែកប្រទេសដទៃ។ យ៉ាងណាក៏ ដោយ ក្រោយពីបានជាប់ឆ្នោត លោកត្រាំ ហាក់មិនទាន់បានធ្វើឲ្យគោលនយោបាយថ្មីរបស់គាត់ មានប្រសិទ្ធភាព នៅឡើយទេ ដោយសារពួកមន្ត្រីជាប់កំអែលចាស់មិនព្រមយកទៅអនុវត្តឲ្យបានពេញលេញនៅឡើយ។
ទោះជាយ៉ាងនេះក្តី គោលនយោបាយផ្តោតការយកចិត្តទុកដាក់លើផលប្រយោជន៍ជាតិរបស់ខ្លួនមុន គេបង្អស់ហាក់កំពុងរីកដុះដាលពាសពេញពិភពលោក។ ការដកខ្លួនរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប ការប្រឈមមុខដាក់គ្នារវាងអឺរ៉ុប និងសហរដ្ឋអាមេរិក ការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ការងាក ទៅសាងរាត្រីទឹកឃ្មុំជាមួយចិនពីសំណាក់ប្រទេសបារាំង និងការចាប់ដៃគ្នាចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េ ខាងជើងជាដើមនេះ សុទ្ធសឹងតែជាសញ្ញាបញ្ជាក់ថា ប្រទេសនីមួយៗស្វែងរកផលប្រយោជន៍របស់គេជាធំ ដោយមិនបានគិតថាអ្នកណាលោកសេរី អ្នកណាលោកកុម្មុយនិសផ្តាច់ការអ្វីឡើយ ពោល គឺឲ្យតែបានប្រយោជន៍ គឺពួកគេស្រវាយកហើយ។
ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនតែម្តង គួរតែនាំគ្នាស្វែងយល់សិក្សា ពីប្រវត្តិសាស្ត្រ ពីប្រទេសរបស់ខ្លួនផងនិងតាមដានព្រឹត្តិការណ៍វិវឌ្ឍរបស់ពិភពលោកឲ្យជាប់ផងដែរ ហើយបណ្តុះគំនិតជាតិ និយមឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់ គឺយុវជនខ្មែរត្រូវមើលឲ្យធ្លុះពីភូមិសាស្ត្រ នយោបាយក្នុងបរិបទនៃពិភពលោក ពហុប៉ូលដែលប្រទេសនីមួយៗមានជម្រើសច្រើនក្នុងការទាញយកផល ប្រយោជន៍សេដ្ឋកិច្ចពីបណ្តាប្រទេសផ្សេង។ ក្នុងបរិបទបែបនេះ យុវជនខ្មែរមិនត្រូវងប់ងល់នឹងនយោបាយ ពឹងផ្អែកទាំងស្រុងទៅលើមហាអំណាច មួយដោយចាត់ទុកថា មានតែមហាអំណាចមួយនោះទេដែលជាចង្ទុល ជាខ្នងបង្អែករឹងមាំ រីឯប្រទេសផ្សេងៗទៀត សុទ្ធតែមិនល្អ មិនអាចយកជាមិត្តបាននោះឡើយ។ ការយល់ឃើញ បែបនេះតាមអ្នកនយោបាយមួយក្តាប់តូចពង្វក់ស្មារតី ហើយកំពុងតាំងខ្លួនជាអ្នកស្នេហាជាតិ គឺជាការយល់ ច្រឡំដ៍ធំណាស់សម្រាប់ពលរដ្ឋ និងយុវជនខ្មែរ។
បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយលោក សម រង្ស៊ី កំពុងដាក់ខ្លួនធ្វើជាអាយ៉ងរបស់បរទេស ហើយងាកមកក្រឡុកប្រទេសជាតិខ្លួនឯង ធ្វើឲ្យបាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាព ដោយសារតែ មហិច្ឆតានយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ពួកគេព្យាយាមឱបដៃឱបជើងសហរដ្ឋអាមេរិក និងពួកបរទេស មួយចំនួននៅអឺរ៉ុប ហើយតាំងខ្លួនជាសត្រូវជាមួយចិន ស្អប់ចិន ដោយមិនដឹងថាសូម្បីចៅហ្វាយនាយរបស់ខ្លួនក៏ ត្រូវការចិនជាចាំបាច់ដែរ។ ធ្វើនយោបាយរាក់កំផែល និងហួសសម័យបែបនេះពិតជាមិនមែនអ្នកនយោបាយ ឆ្លាតវៃ ហើយដើរមិនទាន់សភាពការណ៍របស់ពិភពលោកនោះឡើយ។
ផ្ទុយទៅវិញ នយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺជានយោបាយឆ្លាតវៃពីព្រោះ៖ ទី១៖ ជានយោបាយដែលការពារផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាជាចម្បង។ ទី២៖ ជានយោបាយដោយ ពឹងផ្អែកលើសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ ទី៣៖ ជានយោបាយការពារអធិបតេយ្យភាព និង ឯករាជ្យភាពពីការជ្រៀតជ្រែកពីបរទេស។ ទី៤៖ នយោបាយចាប់យកប្រទេសណាក៏ដោយឲ្យតែផ្តល់ផល ប្រយោជន៍ច្រើនដល់កម្ពុជាដោយមិនរើសអើង និងមិនផ្តាច់មុខទៅរកប្រទេសណាមួយទេ ផ្ទុយទៅវិញប្រទេស ណាដែលព្យាយាមលូកដៃជ្រៀតជ្រែក និងព្យាយាមប្រើប្រាស់កូនអុកដើម្បីបំផ្លាញកម្ពុជា គឺកម្ពុជាមិនញញើត នឹងតបតឡើយ។
ក្នុងន័យនេះដែរ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខនេះ គឺជាភស្តុតាងដ៏សំខាន់មួយទៀត ដែល បង្ហាញថាកម្ពុជាកំពុងបោះជំហ៊ានទៅមុខឥតងាករេនិងឥតរាថយ ក្រោមឆន្ទៈដ៏មោះមុត នៃនយោបាយ បោះឆ្នោតដោយខ្លួនឯង ជឿជាក់លើខ្លួនឯង និងសង្ឃឹមលើជោក វាសនាខ្លួនឯងដោយមិនរវើរវាយរង់ចាំបរទេស ដឹកច្រមុះដូចអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនោះឡើយ។ ដូច្នេះ យើងទាំងអស់គ្នាជាកូនខ្មែរគួរតែមាន មោទនៈភាពចំពោះអ្វីដែលបាន និងកំពុងកើតមាននៅពេលនេះ ហើយនាំគ្នាចូលរួមលើកស្ទួយមោទនៈភាព ជាតិនេះឲ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីកម្ពុជាយើងអាចឈររឹងមាំដោយជើងទាំងពីររបស់ខ្លួនរស់ដោយថ្លៃថ្នូរ ដោយបាតដៃរបស់ខ្លួនជាជាងការដាក់ខ្លួនធ្វើជាអាយ៉ងដាច់ថ្លៃនិឱនក្បាលអោយបរទេសដឹកច្រមុះ។ ដើម្បីសម្រេច គោលដៅនេះយើងត្រូវគិតពីកម្ពុជាជាចម្បង ហើយពេលយើងគិតពីកម្ពុជាយើងកាន់តែត្រូវការគណបក្ស កាន់អំណាច់បច្ចុប្បន្នដែលដឹកនាំដោយលោក ហ៊ុន សែន ជាចាំបាច់ គឺគ្មានជម្រើសណាល្អជាងនេះទៀតនោះ ឡើយ «Cambodia First – CPP First» ៕
ដោយ៖ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម