អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមនឹងគណៈអភិបាលខេត្ត បានប្រគល់វិញ្ញាប័នប័ត្រសំគាល់អចលនៈវត្ថុដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី ក្នុងក្រុង និងខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

 ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប្រជាពលរដ្ឋខេត្តព្រះវិហារ រួមនឹងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ នឹងសុរិយោដីខេត្ត បានអញ្ជើញចុះចែកនូវវិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី គឺភូមិគោកបេង .ភូមិថ្មី.នឹងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុង នឹងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨ ទៅតាមកម្មវិធីគោលនយោបាយចាស់សកម្មភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

លោក ឯល សារ៉ូ អភិបាលក្រុងព្រះវិហារ និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងសុរិយោដីខេត្តព្រះវិហារបានរាយការណ៍ថាៈ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបទបញ្ជាផ្ទាល់របស់ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងឯកឧត្តមអភិបាលខេត្ត ក្នុងការអនុវត្តន៍នូវគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីចុះបញ្ជីរនិងផ្តល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុដល់ក្រុមគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ថ្ងៃនេះក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្ត ដោយបានកិច្ចសហការពីអាជ្ញាធរដែនដីក្រុង បានរៀបចំធ្វើពិធីប្រគល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ( ប្លង់ដីកម្មសិទ្ធិ ) ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន ៥០០.គ្រួសារ ក្នុងភូមិចំនួន៣ ដែលរួមមានភូមិគោកបេង សរុបចំនួន ១,៤២០ក្បាលដី មានផ្ទៃដីរួមទំហំ ៣៤៤,២៣ហិចតា ជូនដល់គ្រួសាប្រជាពលរដ្ឋចំនួន ៩១២គ្រួសារ .សំរាប់ការកំណត់ព្រំនិងវិនិច្ឆ័យភូមិថ្មី សរុបចំនួន ៦១៤ក្បាលដី មានផ្ទៃដីសរុបទំហំ ១១៦,៩២ហិចតា ជូនដល់ប្រជាពលរដ្ឋចំនួន ៤២៣គ្រួសារ.នឹងភូមិសំរោង សរុបចំនួន ៤៧៦ ក្បាលដី មានផ្ទៃដីទំហំ ១៤៥,១១ហិចតា ជូនប្រជាពលរដ្ឋចំនួន ៣៤៩គ្រួសារ ។

ចំណែកក្បាលដីដែលនៅសេសសល់ចំនួន ៦៦ក្បាលដី ក្រុមការងារមិនបានចេញប័ណ្ណឲ្យទេ ព្រោះជាក្បាលដីមានទំនាស់និងក្បាលដីគ្មានទិន្ន័យ ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងបីភូមិថាៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រុមការងារថ្នាក់ស្រុក ខេត្ត និងក្រុមយុវជនស្ម័ក្រចិត្តសម្តេចតេជោបានខិតខំបំពេញការងារចុះកំណត់ព្រំដីនិងចុះទិន្នន័យគ្រប់ក្បាលដីជូនប្រជាពលរដ្ឋយើងយ៉ាងសកម្មដោយពុំគិតពីការនឿយហត់ ពេលវេលា ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈដល់ប្រជាពលរដ្ឋយើងឲ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់សំរាប់គ្រួសារ កូនចៅទៅពេលអនាគត់។

ឯកឧត្តម មាស សុភា ជំនួសមុខឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការលើកសរសើរនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងារប្រកបដោយកិច្ចសហការល្អរបស់អាជ្ញាដែនដីក្រុង ស្រុក ខេត្ត ព្រះវិហារ ពិសេសក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលក្នុងបេសកម្មនៃការចុះកំណត់ព្រំដីនឹងចុះទិន្នន័យនៃការកំណត់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយក្រុមយុវជនស្ម័ក្រចិត្តសម្តេចតេជោក្នុងការបំពេញបែបបទត្រឹមត្រូវ សុក្រិត្យ យុត្តិធ៌ម  នារយៈពេលកន្លងមក ហើយបានធ្វើពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុជូនប្រជាពលរដ្ឋយើងក្នុងសង្កាត់កំពុងប្រណាក ក្រុងព្រះវិហារនាពេលនេះ ។

ឯកឧត្តម មាស សុភា បញ្ជាក់ថាៈ បញ្ហាដីធ្លី គឺជាបញ្ហា អាយុជីវិតរបស់គ្រួសារប្រជាពលរដ្ឋនីមួយៗ តកូន តចៅក្នុងការរស់នៅ និងប្រកបរបរកសិកម្ម ។ ព្រោះថាបើគ្រួសារប្រជាជនយើងគ្មានដីធ្លី ប្រជាជនយើងនឹងជួបនូវវិបត្តិគ្រោះភ័យដល់សេដ្ឋកិច្ចគ្រួសារហើយអាចប៉ះពាល់ដល់សង្គមជាតិ ។ ឯកឧត្តម មាស សុភា ក៍បានរលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្រោយពេលទទួលបាននូវប័ណ្ណសំគាល់អចលនៈវត្ថុនេះហើយត្រូវយកទៅប្រើប្រាស់ ជាប្រយោជន៍ក្នុងគ្រួសារនិងសង្គមជាតិ ។

 ឯកឧត្តមក៍បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបំពេញកាត្តព្វកិច្ចជាពលរដ្ឋល្អអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ព្រមទាំងបានផ្តល់នូវប័ណ្ណកម្មសិទ្ធិ១ច្បាប់និងសារុង១ផងដែរ ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner