ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកអង្គរធំ លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី

អត្ថបទដោយ៖
Kien Sereyvuth

  សៀមរាប៖ ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ នៅស្រុកអង្គរធំ លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ផ្ទាល់ដី ប្រកស័ង្កសី ដែលមានបណ្តោយ៨ម៉ែត្រ ទទឹង ៥ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានប្រគល់ជូន អតីតយុទ្ធជនពិការលោក វួច ជឿត  មានប្រពន្ធឈ្មោះ ដុំ ផន  កូនមួយនាក់ក្នុងបន្ទុក រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កាលពីរសៀលថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដោយមានអាជ្ញាធរស្រុក ក្រុមការងារ និង ប្រជាពលរដ្ឋ ចូលរួមចំនួន១០៧នាក់  ។
       ក្នុងកិច្ចស្វាគមន៍របស់លោកវរៈសេនីយ៍ឯក ទូច ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុក និង ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាស្រុកអង្គរធំ បានឲ្យដឹងថា៖ លោក វួច ជឿត ជាជនពិការជើងខាងស្តាំ ដែលមានស្ថានភាពទីទ័លក្រ ហើយរស់នៅក្នុងខ្ទមទុរគត និងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃផងនោះ មានប្រពន្ធឈ្មោះ ដុំ ផន  កូនមួយនាក់ក្នុងបន្ទុក ទើបបានស្មើសុំទៅគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជាខេត្ត ហើយបានវាយតម្លៃផ្តល់ជូនផ្ទះដល់ក្រុមគ្រួសារ របស់លោក វួច ជឿត  ។ លោកបានបញ្ជាក់ថា ក្នុងស្រុកអង្គរធំ មានអតីតយុទ្ធជនសរុប ២២៦នាក់ សុំចូលជាសមាជិក បាន ១៩៣នាក់ អត្រានៃមរណៈភាព ៣នាក់ ហើយអំពីស្ថានភាពផ្ទះសម្បែង គ្រួសារមានដីមានផ្ទះ ១៧២នាក់ គ្មានដី គ្មានផ្ទះ១២គ្រួសារ និង មានដីគ្មានផ្ទះ ០៩គ្រួសារ ។
     នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ការនឹករលឹក ចំពោះបងប្អូនគ្រួសារអតីតយុទ្ធជនពិការ និង ប្រជាពលរដ្ឋនៅក្នុងភូមិ ភ្លង់ទាំងមូល ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ដែលសម្តេចបានគិតគួខ្ពស់ចំពោះ គ្រួសារបងប្អូនអតីតយុទ្ធជនពិការ អំពីជីវភាព សុខភាពរស់នៅ ដោយមិនទុក ឲ្យអតីតយុទ្ធជនណាម្នាក់រស់នៅឯកោរឡើយ ។  ឯកឧត្តមបណ្ឌិត ក៏បានលើកនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដោយបានគូសបញ្ជាក់ថា ការបូជាសាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុការពារ កសាងមាតុ ភូមិកម្ពុជា មិនឲ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាលើកទីពីរនៅកម្ពុជាឡើយ ព្រមទាំង បានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស   ហើយការបាត់បង់នូវកាយសម្បទារបស់បងប្អូន គឺជាគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរកនូវសុខសន្តិភាពជូនជាតិមាតុភូមិខ្លួន ។  ឯកឧត្តមបណ្ឌិតបន្តទៀតថា៖ កត្តាសន្តិភាពនេះហើយ បានធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ តាំងពីទីប្រជុំជន ទៅដល់ជនបទ ក្រោមការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នូវគោលនយោបាយឈ្នះ ឈ្នះ ក្នុងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និង ប្តូរយកមកវិញនូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានមានភាពប្រសើរឡើង ។ ជាមួយគ្នានេះដែរ  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរ អំពីស្ថានភាពនយោបាយក្នុង និង ក្រៅប្រទេស  ព្រមទាំង បានធ្វើការក្រើនរំលឹកដល់បងប្អូនអតីតយុទ្ធជន និង ប្រជាជននៅស្រុកអង្គរធំ ក៏ដូចទូទាំងខេត្តសៀមរាប សូមកុំឲ្យស្តាប់ នូវការញុះញុងរបស់ក្រុមអកតិមួយចំនួន ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ បោះឆ្នោតគាំទ្ររបស់ប្រជាជន ព្រមទាំងការបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឃោសនាមិនឲ្យប្រជាពលរដ្ឋ យើងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ ។ 
      ឯកឧត្តមបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមគ្រួសារលោក វួច ជឿត  ក៏ដូចប្រជាជនទូទៅត្រូវថែរក្សាសុខភាព និង សូមឲ្យមាន ការជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃ ដែលបាននាំយកនូវសន្តិភាព និងការអភិឌ្ឍន៍មកដល់ពេលនេះ  ដូច្នេះយើងត្រូវរួមគ្នាទាំងអស់គ្នា ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីអនាគត់ប្រទេសជាតិយើង និងដើម្បីបំពេញកាតព្វកិច្ចជាប្រជាជនខ្មែរ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឲ្យមានលទ្ធភាពដឹកនាំ នាវាសន្តិភាព និង ការអភិវឌ្ឍន៍ជាតិបន្តទៀត ។
ក្នុងឪកាសនោះ ក៏បាននាំយកនូវអំណោយសម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ ៧៥គីឡូក្រាម , ទឹកត្រី២យូរ , ទឹកស៊ីអ៊ីវ២យូរ ត្រីខ ២យូរ , ទឹកសុទ្ធ ៣យូរ មុង២ , កន្ទេល៤ , គ្រែឈើ ១ និង ថវិកា ១០ម៉ឺនរៀល ។ ក្នុងនោះបងប្អូនដែលបានចូល រួមក្នុងពិធី ចំនួន១០៧នាក់ ម្នាក់ៗ ១ម៉ឺនរៀលផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner