អភិបាលខណ្ឌច្បារអំពៅណែនាំអោយគណៈបញ្ជាការឯកភាពខណ្ឌ_សង្កាត់ ត្រូវពង្រឹងការងារសន្តិសុខ
ភ្នំពេញ ៖ ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់នាពេលខាងមុខ និងមានជនអគតិមួយចំនួនដើរបំផុសបំផុលប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោតទៀតនោះ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានណែនាំអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ទាំង៨ ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខអោយបានល្អ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិមានការរីចំរើនថែមទៀតកុំជឿតាមការញ៉ុះញ៉ង់របស់ជនអគតិទាំងនោះ ។ ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពនេះបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ , លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ , លោកម៉ៅ សឿត អធិការស្តីទី និងមានការចូលរួមពីលោក_លោកស្រី ជាចៅសង្កាត់ទាំង៨ ,លោកនាយប៉ុស្តិ៍ទាំង៨ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយលោកអធិការ លោកមេបញ្ជាការ លោកនាយប៉ុស្តិ៍ទាំង៨ រួមនិងលោក_លោក ជាចៅសង្កាត់ ត្រូវយកចិត្តទុកលើបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងអោយបានដិតដល់ ព្រោះមួយរយៈនេះមានជនអគតិដើរចលនាប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោត និងបំផុសបំផុលពីបញ្ហាថ្នាំជ្រលួកដៃ ។ ការទៅបោះឆ្នោតគឺជាសិទ្ធរបស់ប្រជាពលរដ្ឋមិនមែនជាកាតព្វកិច្ចនោះ ទៅឬមិនទៅជាសិទ្ធរបស់គាត់ តែអ្នកដែលរារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោតជាទង្វើខុសច្បាប់ត្រូវចាត់ការជាបន្ទាន់មិនអាចអន់អោនអោយបានឡើយ ។ មួយផ្នែកទៀតបើប្រជាពលរដ្ឋណាបាត់អត្តសញ្ញាណប័ណ្ណដែលត្រូវទៅបោះឆ្នោត សូមអោយលោកនាយប៉ុស្តិ៍និងចៅសង្កាត់បំពេញឯកសារពាក់ព័ន្ធនិងការបោះឆ្នោតជូនប្រជាពលរដ្ឋផង ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ដោយណែនាំអោយគណៈបញ្ជាការឯកភាពគ្រប់សង្កាត់ត្រូវយកចិត្តទុកដាក់បំរើសេវ៉ាជូនប្រជាពលរដ្ឋ ត្រូវទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលមានចេតនារារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត និងមានចេតនាបំផ្លាញ់ការបោះឆ្នោត ៕