រូបភាពពីផ្កាយរណបរកឃើញថា កូរ៉េខាងជើងកំពុងបញ្ចប់សំណង់រោងចក្រផលិត មីស៊ីលរបស់ខ្លួន

សហរដ្ឋអាមេរិក៖ យោងតាមការវិភាគលើរូបភាពផ្កាយរណបដោយក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា កូរ៉េខាងជើងទំនងជាបានបញ្ចប់ការពង្រីក ទីតាំងផលិតមីស៊ីលបាលីស្ទិកដ៏សំខាន់របស់ខ្លួន ។
រូបភាពដែលជារបាយការណ៍លេចធ្លាយ ពីក្រុមមន្រ្តីចារកម្មសហរដ្ឋអាមេរិកនេះ បានធ្វើអោយមានមន្ទិលសង្ស័យចំពោះឆន្ទៈរបស់កូរ៉េខាងជើង ក្នុងការបោះបង់ ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺជាអ្វីមួយដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ព្រមពេលដែលរូប លោកបានជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងប្រទេស សិង្ហបុរី កាលពីខែមុន ។

រូបភាពផ្កាយរណបខាងលើនេះ ត្រូវបានថតបានដោយក្រុមហ៊ុន Planet Labs Inc. ដែលមានមូលដ្ឋាននៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ និងត្រូវបានវិភាគដោយក្រុមអ្នក ស្រាវជ្រាវនៅឯវិទ្យាស្ថាន Middlebury Institute for International Studies (MIIS) ដែលបង្ហាញថា របបដឹកនំាទីក្រុងព្យុងយ៉ាងកំពុងបញ្ចប់សំណង់រោងចក្ររបស់ខ្លួន ស្ថិតនៅឯវិទ្យាស្ថានវត្ថុធាតុគីមី ដែលក្រុមអ្នកស្រាវជ្រាវអះអាងថា វាស្ថិតនៅក្នុង ទីក្រុងហាមហាំង ប្រទេសកូរ៉េខាងជើង ។
យោងតាមសម្តីរបស់លោក ដេវីដ ស្គើលឺ ដែលជាមន្រ្តីស្រាវជ្រាវនៅវិទ្យាសា្ថន MIIS បាននិយាយថា វិទ្យាស្ថានវត្ថុធាតុគីមីត្រូវបានស្គាល់ច្បាស់ថា ជាទីតាំងផលិតគ្រឿង បន្លាស់កាបូនសម្រាប់មីស៊ីលដើរដោយថាមពលប្រេងឥន្ធនៈ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner