ការអភិវឌ្ឍន៍ប្រទេសជាតិ ចាំបាច់ត្រូវតែមានធនធានមនុស្សប្រកបដោយសក្តានុពល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន គឺគ្មានប្រទេស ណាមួយនៅលើសកលលោក អាចអភិវឌ្ឍន៍បានដោយគ្មានធនធានមនុស្សនោះឡើយ ពោលគឺប្រទេសដែលមានធនធានមនុស្សពោរពេញទៅដោយចេះដឹង ប្រទេសនោះនឹងមានការរីកចម្រើន ។
      ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា បានលើកឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងលោកគ្រូអ្នកចូលនិវត្តន៍ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្នែកវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង  ក្នុងគោលបំណងបង្កើនធនធានមនុស្សនៅកម្ពុជា ឲ្យទទួលបាននូវចំណេះដឹងមួយពិតប្រាកដ ជាក់ស្តែងក្នុងអណត្តិនេះក្រសួងបានធ្វើការកែប្រែកម្មវិធីមួយចំនួន ដើម្បីជម្រុញឲ្យសិស្ស-និស្សិត កាន់តែមានការយល់ដឹងខ្ពស់ ជាពិសេសងាយចាប់បានក្នុងឱកាសការងារ នៅក្រោយពេលបញ្ចប់ការសិក្សារួច ។

  ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ដើម្បីបន្តពង្រីកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងអណត្តិក្រោយនេះ ក្រសួងនឹង ជម្រុញបង្កើនការយកចិត្តទុកដាក់ថែមទៀត ដើម្បីឲ្យវិស័យអប់រំសមប្រកបជាវិស័យមុតស្រូច និងជាកំលាំងចលករប្រកប ដោយសក្តានុពល ដូច្នេះទាក់ទិននឹងការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន គឺគ្មានប្រទេសណាមួយនៅលើសកលលោក អាចអភិវឌ្ឍន៍បានដោយគ្មានធនធានមនុស្សនោះឡើយ ពោលគឺប្រទេសដែលមានធនធានមនុស្សពោរពេញទៅដោយចេះដឹង ប្រទេសនោះនឹងមានការរីកចម្រើនឥតឈប់ឈរ ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម លើកឡើងថា ប្រទេសកម្ពុជា បានផ្លាស់ប្តូរមុខមាត់ថ្មីនៅក្នុងឆាកអន្តរជាតិ ជាពិសេសរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ នឹងកំពុងចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដូចជា ការតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ-កម្មការនី ការបញ្ឈប់ការយកភាស៊ី និងពន្ធផ្សេងៗមួយចំនួនផងដែ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា ចំណែកទាក់ទិននឹងការតម្លើងប្រាក់បៀវត្ស សម្រាប់គោលនយបាយបៀវត្សថ្នាក់ជាតិ ឆ្នាំ២០១៨ បៀវត្សអប្បបរមារបស់មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ ក៏ត្រូវបានកើនឡើងជិត៣ដង បើធៀបនឹងឆ្នាំ២០១៣ ក្នុងនោះពាក់ព័ន្ធអប្បបរមាដែលត្រូវតម្លើងប្រាក់បៀវត្សរួមមាន មន្រ្តីរាជការស៊ីវិល ពីប្រាក់បៀវត្សប្រមាណពីជាង៨៥ម៉ឺន ឡើងដល់ជាង៩១ម៉ឺន នៅខែមករា ឆ្នាំ២០១៨ នឹងចាប់ពីខែមេសា ឆ្នាំ២០១៨ ឡើងដល់ប្រមាណជាង១លានរៀល ។ ចំពោះប្រាក់បៀវត្សសម្រាប់គ្រូបង្រៀន ពីប្រមាណជាង៩៥ម៉ឺន នៅឆ្នាំ២០១៧ ដល់ប្រមាណជាង១លានរៀល នៅខែមករា ឆ្នាំ២០១៨ នឹងចាប់ពីខែមេសា ឆ្នាំ២០១៨ ឡើងដល់ប្រមាណជាង១លាន១សែនរៀល ខណៈឆ្នាំ២០១៣ មានត្រឹម៤០ម៉ឺនប៉ុណ្ណោះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ការដែលមន្រ្តីរាជការត្រូវតម្លើងប្រាក់អប្បបរមា គឺបានបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅកម្ពុជា ដែលសមិទ្ធផលទាំងនោះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពោលគឺសេដ្ឋកិច្ចជាតិមានកំណើនល្អ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ និងមានការងារធ្វើកាន់តែច្រើន ព្រមទាំងទទួលបានប្រាក់បៀវត្សសមរម្យ ដូច្នេះដើម្បីជម្រុញឲ្យប្រទេសជាតិមានការរីកចម្រើនកាន់តែខ្លាំង សូមបងប្អូនទាំងអស់ ត្រូវជឿទុកចិត្តគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner