ប្រតិបត្តិការរុករកជាលក្ខណៈអន្តរជាតិឈានចូលដល់ថ្ងៃទី៩ហើយ ក្រុមសង្គ្រោះនិយាយថា យើងចូលកាន់តែជិតដល់កន្លែងអ្នកបាត់ខ្លួនទំាងនោះហើយ

ថៃ៖ ក្រុមអ្នកមុជទឹកថៃដែលកំពុងតាមស្វែងរកមនុស្សទាំង១៣នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំមួយស្ថិតនៅភាគខាងជើងប្រទេស អស់រយៈពេលនេះឈានដល់ថ្ងៃទី៩ និងបានចូលកាន់តែជិតដល់កន្លែងដែលអ្នកបាត់ខ្លួនទំាងនោះស្ថិតនៅហើយ។  កាលពីពេលថ្ងៃត្រង់ ថ្ងៃច័ន្ទនេះ មានការអះអាងថា សល់រយៈចម្ងាយត្រឹមតែ១គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។
ក្រុមអាជ្ញាធរថៃបាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦ បំពង់ចាប់តាំងពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបញ្ជូនពួកវាទៅកាន់ល្អាងទីបីនៃរូងភ្នំថាំលួង ក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ៃ សម្រាប់ឲ្យក្រុមអ្នកមុជទឹកប្រើប្រាស់ ។

ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ដាក់ក្នុងបំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ។ បូកជាមួយបំពង់អុកស៊ីសែនចំនួន៤១៥បំពង់ដែលមានស្រាប់ ដូច្នេះបំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦បំពង់  ហើយកិច្ចការនេះ នឹងត្រូវចំណាយពេល១២ម៉ោង ។
បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូនទៅកាន់កំណាត់ល្អាងទីបីនៃរូងភ្នំដ៏ជ្រៅខាងលើ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជា កន្លែងក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀត ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ ។

សូមរំលឹកថា ក្មេងជំទង់ៗ១២នាក់ដែលជាក្រុមកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និង គ្រូបង្វឹកបាល់ទាត់ម្នាក់ បានបាត់ខ្លួនដោយអាថ៌កំបំាង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងអស់កំពុងជាប់ខ្លួនកាន់តែជ្រៅនៅក្នុងរូងភ្នំ ថាំលួង ណាង ណុន ស្ថិតភាគជើងខេត្តឈៀងរ៉ៃ និងជារូងភ្នំវែងជាងគេបំផុតទី៤របស់ប្រទេសថៃ ដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំង ហើយពួកគេព្យាយាមគេចចេញពីទឹកជំនន់ក្នុងរូង ដើម្បីស្វែងរកច្រកចេញផ្សេង ។

ក្មេងទាំងនោះមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ ពួកគេមានអាយុ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិចដោយសារតែភ្លៀង ។ បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះកាលពីចុងឆ្នាំ២០១៦ដែរ ។ ដោយឡែកក្រុមអ្នកជួយសង្រ្គោះថៃ ដោយមានជំនួយពីក្រុមអ្នកជំនាញអាមេរិក អង់គ្លេស ចិន ជប៉ុន ឡាវ ភូមា ព្រមទាំងប្រទេសដទៃទៀតនៅក្នុងតំបន់ បានអះអាងនៅថ្ងៃ ច័ន្ទ នេះថា ពួកគេកំពុងស្ថិតនៅទីតាំងដែលនៅចម្ងាយជាង ១គីឡូម៉ែត្រប៉ុណ្ណោះ ពីទីតាំងដែលគេជឿជាក់ថា ក្មេងៗប្រុសទាំង១២នាក់ និងគ្រូបង្វឹកកំពុងស្ថិតនៅ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner