កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ ស្តីពីចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំប្រចាំឆ្នាំស្តីពីចលនាបង្កើនអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០២ ខែកក្កកដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការអភិវឌ្ឍន៍នៃសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នផ្សព្វផ្សាយ, វិស័យឯកជន សិស្ស និស្សិត និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។

លោកស្រី លោកស្រី ណាន់ស៊ី ហាសេឡូវ (Ms.Nancy Haselow) អនុប្រធានអង្គការ HKIប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាតំណាងសម្ព័ន្ធបណ្តាញសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា SUN-CSA, លោកស្រី សឺរី ណូអាន ដាន់ខេន ចូន (Sheri- Nouane Duncan-Jones) នាយិកាស្តីទីបេសកកម្មប្រចាំប្រទេសរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅកម្ពុជា និងជាតំណាងបណ្តាញប្រទេសផ្តល់ជំនួយ, លោកស្រី ប៉ូលីន ថាមេសស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាបានផ្តល់ចំណាប់អារម្មណ៍ស្តីពីការធ្វើការរួមគ្នារបស់សម្ព័ន្ធអង្គការសង្គមស៊ីវិល,បណ្តាញអ្នកផ្តល់ជំនួយ និងបណ្តាញអង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ នោះគឺការលុបបំបាត់បញ្ហាអហារូបត្ថម្ភគ្រប់ទម្រង់។

ស្ថាប័នទាំំងបីខាងលើបានកត់សម្គាល់ថា ៣២%នៃកុមារកម្ពុជាក្រោមអាយុ៥ឆ្នាំមានបញ្ហាក្រិសក្រិនដែលកើតចេញពីកង្វះអាហារូបត្ថម្ភ គឺជាតួលេខខ្ពស់នៅឡើយ ដែលសព្វថ្ងៃនេះមានអង្គការចំនួន៣៥ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលុបបំបាត់បញ្ហានេះ ដោយត្រូវប្រែក្លាយពីការសន្យាឲ្យទៅជាសកម្មភាពជាក់ស្តែង។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា កិច្ចប្រជុំប្រចាំឆ្នាំថ្ងៃនេះ ជាឱកាសផ្តល់ឲ្យយើងបានជួបជុំពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ទៅលើរបាយការណ៍វឌ្ឍនភាពរបស់ចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅកម្ពុជា ដែលយើងបានរួមគ្នាអនុវត្តមួយឆ្នាំកន្លងមក និងពិនិត្យផ្តល់ធាតុចូលដល់ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣ និងទិសដៅជាយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០៣០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បន្តថា ចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោក គឺជាចលនាប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធទាំងអស់ទាំងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធអង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តនៅគ្រប់វិស័យទាំងអស់ឲ្យចូលរួមចំណែកដោះស្រាយ និងបង្កើនកិច្ចអន្តរាគមន៍ទៅលើការកែលម្អអាហារូបត្ថម្ភ និងផ្តល់ឲ្យអ្នកពាក់ព័ន្ធទាំងនោះនូវកិច្ចសហប្រតិបត្តិការ ការកៀរគរធនធាន និងចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជននៃប្រទេសជាសមាជិក។ សារៈសំខាន់ទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមតាមសំណើរបស់ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដើម្បីកម្ពុជាចូលជាសមាជិកទី៥៣ របស់ចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤។

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យើងទាំងអស់គ្នាមានមោទនភាពពីសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងគ្រោះអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភ។ ថ្វីត្បិតតែកម្ពុជានៅមានបញ្ហាខ្លះៗដែលជួបប្រទះនូវគ្រោះអត់ឃ្លាន ក៏ប៉ុន្តែកម្ពុជាសម្រេចបាននូវការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ននេះកម្ពុជាកំពុងឈានទៅសម្រេចបាននូវស្ថានភាពជាប្រទេសមួយដែលមានបញ្ហាគ្រោះអត់ឃ្លានតិចតួច ហើយកម្ពុជាក៏សម្រេចបាននូវពិន្ទុមួយខ្ពស់បំផុតក្នុងការកាត់បន្ថយភាពអត់ឃ្លានដែលត្រូវបានវាស់វែងតាមរយៈសន្ទស្សន៍ពិន្ទុនៃគ្រោះអត់ឃ្លានសកលពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧។ រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តការប្តេជ្ញាចិត្តក្នុងការពន្លឿនវឌ្ឍនភាពដើម្បីឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភ និងខិតខំធ្វើឲ្យសម្រេចបាននូវគោលដៅរួមរបស់កម្ពុជា គឺការកាត់បន្ថយគ្រោះអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបោះជំហានឲ្យកាន់តែកៀកនឹងគោលដៅ “ដោយមិនទុកឲ្យនរណាម្នាក់មានបញ្ហាកង្វះស្បៀង និងរងគ្រោះពីបញ្ហាអាហារូបត្ថម្ភ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា មានកត្តា៣ ទៀត ដែលសំខាន់ នោះគឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីយើងនាំគ្នាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ គឺ “មិនទុកឲ្យនរណាម្នាក់នៅពីក្រោយការអភិវឌ្ឍ” ពិសេសគោលដៅទី២ គឺ “បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបាននូវសន្តិសុខស្បៀង លើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ និងកសិកម្មប្រកបដោយចីរភាព” និងសូមឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិនិត្យនិងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំំងចងក្រងគោលនយោបាយឲ្យស្របនឹងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងនោះ មុំទី៤ ក៏បានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌឺ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner