សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គ្រោងពង្រាយ មនុស្សប្រមាណជាង២ពាន់៥រយនាក់ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោត គ្រប់២៥ រាជធានី-ខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

 

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គ្រោងពង្រាយសមាជិកសមាជិកា របស់ខ្លួនប្រមាណ ២៥៩៥នាក់ ដាក់ពង្រាយគ្រប់រាជធានី-ខេត្ត ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ការប្រកាសនេះធ្វើឡើង​ ហាក់ឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រកាសថា ខ្លួនមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ​ ដូចជា អង្គការ Necfec និង អង្គការ Comfrel ជាដើម ។ សម្រាប់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឯកឧត្តម ហេង វណ្ណដា ចាត់ទុកថានេះគ្រាន់តែជាល្បែងប្រជាធិបតេយ្យតែប៉ុណ្ណោះ ត្រង់ថា បក្សណាចូល រឺ មិនចូល រឺ អង្គការសង្គមស៊ីវិល ណាមិនចូលសង្កេតការណ៍ គឺជាសិទ្ធិរបស់គេ ។

 

ឯកឧត្តម ឌឹម សុវណ្ណារុំ ​ មន្ត្រីនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ធ្លាប់បានប្រកាស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថា បញ្ជាក់ហើយថា ​បើទោះជាអង្គការណាមិនចូលរួមក៏ដោយ  ក៏មិនធ្វើឱ្យប៉ះពាល់​ដល់ដំណើរការបោះឆ្នោតនាចុងខែកក្កដា ខាងមុខនេះឡើយ ដោយសារតែការចូល ឬមិនចូលធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ។ មន្ត្រីអ្នកនាំពាក្យ គ.ជ.ប ដដែល បានធ្លាប់បានបញ្ជាក់ទៀតថា  មាត្រា១០ នៃច្បាប់ជ្រើសតាំងតំណាងរាស្រ្ត អង្គការជាតិ-អន្តរជាតិអាចចូលរួម ក្នុងការសង្កេតការណ៍បោះឆ្នោតបាន ប៉ុន្តែពួកគេក៏មានសិទ្ធិមិនចូលរួម ។ ហើយប្រកាសថា «មិនមែនជាការចាប់បង្ខំទេ គាត់ចូល  ឬ មិនចូលជាសិទ្ធិរបស់គាត់ មិនប៉ះពាល់ដល់ដំណើរការ  នៃការបោះឆ្នោតទេ» សម្រាប់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិដទៃទៀត ក៏បានដាក់ពាក្យ និង ត្រូវបានទទួលស្គាល់ ជាង២ពាន់នាក់ហើយដែរ ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខ នោះមានន័យថា បាត់១  រក១០មកបាន»

 

ឯកឧត្តម ហេង វណ្ណដា បញ្ជាក់ថា ការចូលរួមនេះ គឺជាការសម្រេចចិត្តរបស់ ក្រុមប្រឹក្សាភិបាលសមាគមទាំងអស់ ដែលមានសមាជិកដល់ទៅ ១០៣ គ្រឹះស្ថាន  គោលបំណងតែមួយរបស់សមាគមគឺ ជួយដល់សង្គម ហើយសមាគមសម្រេចចិត្តលោតចូលក្នុងឆាក ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ ក៏ព្រោះតែគោលបំណង៣យ៉ាងគឺ៖

 

១- ការចូលរួមលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា ។

 

២- ចូលរួមធ្វើឲ្យប្រទេសយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និង សុខមាលភាពសង្គមជាតិទាំងមូល។

 

៣- តាមដានបរិយាកាសនយោបាយ សកម្មភាពរបស់គណបក្សនយោបាយ និង សកម្មភាពរបស់     គណៈកម្មការជាតិរៀបចំការបោះឆ្នោត។

 

សូមបញ្ជាក់ថា នៅសល់ មិនដល់៤សប្តាហ៍ទៀតទេ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងឈានមកដល់ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ។ ការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋ និង ការរក្សាបាននូវសន្តិភាពរបស់រាជរដ្ឋាភិបាល គឺជាសម្បត្តិដ៏មហាសាលរបស់ប្រជាពលរដ្ឋខ្មែរ និង ព្រះរាជាណាចក្រកម្ពុជា៕

 


Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner