ឯ.ឧ សួស គង់ បញ្ចូលសមាជិកបក្សថ្មី ៥៦៧រូប នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥៦៧រូប កាលពីថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯ.ឧ សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯ.ឧ ប៉ុក ម៉ាន់នី និង ឯ.ឧ ប៊ុន ច័ន្ទវណ្ណៈ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច និងលោក អៀង ដាំ ប្រធានក្រុមការងារចុះជួយឃុំមហាសាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ គណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិទាំង ២៦ ក្នុងឃុំមហាសាំង។
លោក ឡុង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំមហាសាំង បានឲ្យដឹងថា សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវធ្វើពិធីប្រកាសបញ្ចូលជាផ្លូវការនាពេលនេះ មានចំនួន ៥៦៧ រូប ក្នុងនោះស្រី ៣១៥ រូប ដែលភាគច្រើនមកពីអតីតៈគណបក្សសង្រ្គោះជាតិ និងក្មួយៗជាកម្មករ កម្មការិនីរោងចក្រ។
ឯ.ឧ សួស គង់ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះបងប្អូន និង ក្មួយៗ ដែលស្ម័គ្រចិត្តចូលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ គឺដោយ សារបងប្អូន និងក្មួយៗ បានពិចារណាយ៉ាងច្បាស់លាស់ ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានជម្រាបជូនអង្គពិធី ពីកំណើត និងប្រវត្តិតស៊ូ របស់គណបក្សប្រជាជនកម្ពុជា និងជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ លើបនប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្តម បានលើកឡើងពីនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ស្ថេរភាពទឹកដីពេញលេញទូទាំងកម្ពុជា បង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ហើយមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាយើងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង។ ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីស្នាដៃដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ មានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋលេខា ធិការ សួស គង់ បានលើកឡើងពីសំណាញ់សុវត្ថិភាពសង្គមរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋទូទៅ និងការដំឡើងប្រាក់ខែគោលជាអប្បបរមាជារៀងរាល់ឆ្នាំ ជូនដល់កម្មករកម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងផ្តល់ និងបន្តផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះឆ្នោត សម្រាប់អាណត្តិបន្តបន្ទាប់ នៃនីតិកាលរដ្ឋសភា។
ឯកឧត្តម បានផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ឲ្យគោរពលក្ខន្តិកៈបក្ស គាំទ្រគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ លើសន្លឹកឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី ៦ និងអាណត្តិក្រោយៗទៀត ដោយមិនត្រូវជឿលើការឃោសនាភូតកុហកបោកប្រាស់ របស់ពួកប្រឆាំងឡើយ។ គណៈអធិបតី ក៏បានចែកវត្ថុអនុស្សវរីយ៍ជារបស់កំដរដៃ រួមមាន សារ៉ុង និងអាវ មួក ដល់សមាជិកសមាជិកាថ្មីទាំង ៥៦៧នាក់ ផងដែរ៕