បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា គឺរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍
ខេត្តក្រចេះ៖អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ ថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺចូលរួម ចំណែកបន្តរក្សានិងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍន៍គ្រប់វិស័យ សម្រាប់ ប្រទេសជាតិទាំងមូល ។
ឯកឧត្តម ងី តាយី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ បានដឹកនាំក្រុមការងារគណៈពង្រឹង មូលដ្ឋានចុះជួយឃុំតាម៉ៅ និងឃុំកោះតាស៊ុយ ជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិកបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ថា ម្លប់ដ៏ត្រឈឹង ត្រឈៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ដែលយើងកំពុងតែមាននាពេលនេះ បាននាំមកនូវឱកាសដ៏ថ្លៃថ្លា សម្រាប់ប្រជាពលរដ្ឋយើងគ្រប់គ្នា អាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដូចនេះប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។
ឯកឧត្តម បានលើកឡើងនូវការកើតសរសើរប្រជាពលរដ្ឋក្នុងឃុំតាម៉ៅ ដែលសម្រេចបានសមិទ្ធផលថ្មីៗ រួមមាន អណ្ដូង ទឹក ស្ពាន ផ្លូវថ្នល់ សាលារៀន និងវត្តអារ៉ាម ព្រមទាំងសមិទ្ធផលផ្សេងៗទៀតផង ដូច្នេះដើម្បីបន្តអភិវឌ្ឍន៍នៅតាម មូលដ្ឋាន សូមឱ្យប្រជាពលរដ្ឋក្នុងឃុំតាម៉ៅ និងប្រជាពលរដ្ឋទូទៅ បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី២០ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល ។
ឯកឧត្តម ងី តាយី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រឡាញ់គ្នា និងសហការគ្នា ប្រកបដោយភាព ស្មោះត្រង់ ព្រោះប្រជាជនខ្មែរមានអរិយធម៌ វប្បធម៌ និងទំនៀមទម្លាប់តាំងពីបុរមបុរាណមក ខ្មែរចេះជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះរួមរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍន៍ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម បាននាំយកនូវអំណោយដ៏ថ្លៃថ្លាមួយចំនួន មកចែកជូនប្រជាពលរដ្ឋចំនួន ៤០២ នាក់ ក្នុងការចូលរួមចំណែកលើកតម្លើងជីវភាពគ្រួសារយើងទាំងអស់គ្នា ៕