ក្រុមសង្គ្រោះបំពាក់បំពង់អុកស៊ីសែនបន្ថែមទៀត ដើម្បីបង្កើនបន្តប្រតិបត្តិការមុជទឹករុករកមនុស្សទាំង១៣នាក់ក្នុងរូងភ្នំ ថាំលួង
ថៃ៖ មកទល់នឹងព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃទី៩នៃការជាប់ខ្លួនរបស់ មនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំ ថំាលួង នោះ មិនទាន់មាននរណាហ៊ានអះអាងជាផ្លូវការឡើយថា ពួកគេនៅរស់ឬយ៉ាងណា? ខណៈក្រុមសង្គ្រោះបានចូលទៅដល់ជិតទីចុង បំផុតនៃរូងភ្នំនេះទៅហើយ ដោយពួកគេជឿជាក់ថា ក្រុមមនុស្សទាំង១៣ នាក់ប្រហែលជាព្យាយាមរុលចូលទៅកាន់តែជ្រៅទៅក្នុងរូងភ្នំ ថាំលួង ដើម្បីស្វែងរកច្រកចេញ និងគេចពីទឹកជំនន់ ។
ដោយឡែកក្រុមអាជ្ញាធរថៃ បាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦ បំពង់ចាប់តាំងពីយប់ថ្ងៃ អាទិត្យ ម្សិលមិញនេះ ដើម្បីបញ្ជូនពួកវា ទៅកាន់ល្អាងទីបីនៃរូងភ្នំ ថាំលួង ក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ាយ សម្រាប់អោយក្រុមអ្នកមុជទឹកប្រើប្រាស់ ។ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ដាក់ក្នុង បំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ ។ ដោយបូកជាមួយបំពង់អុកស៊ីសែនចំនួន៤១៥បំពង់ដែលមានស្រាប់ ដូច្នេះបំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះ នឹងត្រូវចំណាយពេល១២ម៉ោង ។
បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូលទៅកាន់កំណាត់ល្អាងទីបីនៃរូងភ្នំដ៏ជ្រៅខាងលើ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់នៅក្នុងកិច្ច ខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជា កន្លែងក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀត ដែល ត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះ ៕