អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ការអភិវឌ្ឍកើតចេញពីសុខសន្តិភាពពេញលេញបរិបូរណ៍ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល, និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ៨ គីឡូម៉ែត្រ មានទទឹង ៧ ម៉ែត្រ, ផ្លូវបេតុងប្រវែងជាង ៥ គីឡូម៉ែត្រ, ស្ពាន ៣ កន្លែង, និងលូរំដោះទឹកភ្លៀងប្រវែងប្រមាណ ២ គីឡូម៉ែត្រ នៅក្នុងឃុំពាមឧកញ៉ាអុង, ឃុំកោះរះ និងឃុំថ្មគរ, ស្រុកល្វាឯម ខេត្តកណ្តាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ៩ ពាន់លានរៀល ឬ ប្រមាណជាង ២ លានដុល្លារអាមេរិក ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី       ហ៊ុន សែន ជូនចំពោះលោកតា, លោកយាយ, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់, ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរអំពីសុខទុក្ខ, តម្រូវការ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ការអភិវឌ្ឍនៅក្នុងឃុំទាំង ៣ នេះ ក៏ដូចជានៅគ្រប់ទីកន្លែងដទៃទៀត អាចកើតឡើងបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ ដែលបានកើតចេញពី នយោបាយ ឈ្នះ-ឈ្នះ និងដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត, ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ មានជាអាទិ៍៖ ការតម្លើងប្រាក់ បៀវត្សជូនមន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ-កម្មការនី, ការបញ្ឈប់ការយកភាស៊ី និងការបង់ថ្លៃ ពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង, កញ្ជើ, ល្អី, ការលប់បំបាត់របបពន្ធម៉ៅការសម្រាប់អាជីវករតូចតាច, ការបញ្ចុះតម្លៃ ប្រេងឥន្ធនៈ ។ ល ។ 
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំទាំង ៣ ព្រមទាំងប្រជាពលរដ្ឋទូទៅ ឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែ    កក្កដា ខាងមុខនេះ ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់        វិស័យសម្រាប់ប្រទេសជាតិទាំងមូល ។
លោកអគ្គបណ្ឌិតសភាចារ្យ បានកាត់ខ្សែបូជានិមិត្តរូប នៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល        ជាច្រើនខាងលើ នៅក្នុងឃុំពាមឧកញ៉ាអុង, ឃុំកោះរះ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner