ផ្ទះប្រជាពលរដ្ឋ១០ខ្នងនៅក្រោយរោងចក្រអគ្គីសនីទី២ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងកណ្ដាលអាធ្រាត

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ៖ គ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១០ខ្នងទាំងកណ្ដាលអាធ្រាត និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍យ៉ាងញាប់ដៃជើង កាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
     តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានទំហំចាប់ពី ៥ម*៦ម និង៥ម*៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់សង្សី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។​​ ហើយការអន្តរាគមន៍ក្នុងករណីនេះដែររថយន្ដពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡានទើបគ្រប់ស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ចំណែកចំពោះមូលហេតុនៃបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
    ប្រជាពរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់តែដោយភ្លើងឆេះខ្លាំងពេកទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយចេញអន្តរាគមន៍ប្រើរយៈពេលជិតមួយម៉ោងទើបអគ្គីភ័យរលត់សូនសុងទៅវិញ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner