ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ជាង៣០០នាក់ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៥ពាន់នាក់ នៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ចំនួន៣៥១នាក់ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តទឹកល្អក់ ភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ដឹកនាំដោយឯ,ឧ ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រូច, ឯ,ឧ លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ,ឧ ហ៊ុន ម៉ានី, និងស្ថិតក្រោមអធិបតីភាព ឯ,ឧ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត ។
ឯ,ឧ លេង ផាលី បានឱ្យដឹងថា ការពិនិត្យ ព្យាបាលជំងឺ និងចែកអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះរួមមាន៖ ជំងឺទូទៅ វះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ សើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។
ឯ,ឧ លេង ផាលី បានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះ ខេត្តកំពង់ស្ពឺ ក្រុមគ្រូពេទ្យ បានចុះពិនិត្យ ព្យាបាលជម្ងឺ និងចែកអំណោយថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន១២៩លើក ស្មើរនឹង ២៥ម៉ឺន ១២២៩នាក់ ហើយគិតចាប់ពីឆ្នាំ២០១២-២០១៨ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ ។
ក្នុងឱកាសនោះដែរ ឯ,ឧ ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រូច បានមានប្រសាសន៍ថា ពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ មនុស្ស ទឹក ភ្លើង ផ្លូវ ដែលត្រូវកសាងកម្មវិធីនយោបាយផ្ដល់អាទិភាពដល់ការអភិវឌ្ឍមនុស្សគឺទី១ បន្ទាប់មកទន្ទឹមគ្នា គឺទឹក ភ្លើង និងផ្លូវ ហើយដើម្បីសម្រេចបាននូវកម្មវិធីនយោបាយនេះ និយាយជារួម គឺការយកចិត្តទុកដាក់អភិវឌ្ឍវិស័យសុខាភិបាល ឲ្យកាន់ តែប្រសើរឡើង នូវសុខភាពប្រជាជន ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធានមនុស្ស សង្គម សេដ្ឋកិច្ច តាមរយៈការ ផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ ដល់ប្រជាជនទូទៅ ក្រីក្រ ងាយរងគ្រោះ និងប្រជាជនរស់នៅតំបន់ជនបទ និងនិយាយដោយឡែក ការបង្ករលក្ខណៈបង្កើតឲ្យមានផ្ដល់ថ្នាំពេទ្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនជាច្រើនកន្លែង និងប្រជាជនដែលរស់នៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯ,ឧ ហ៊ុន ម៉ានី ។
ជាចុងក្រោយ ឯ,ឧ ប៉ាន ប៊ុនធឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីថែរក្សាបាន នូវសុខសោភាភាព សំបូររុងរឿងជូនជាតិមាតុភូមិ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី6 និងអាណត្តិបន្តបន្ទាប់ទៀត ។
បងប្អូនប្រជាពលរដ្ឋ ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះឯ,ឧ ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី ក៏ដូចជាឯ,ឧ ប៉ាន ប៊ុនធឿន ដែលជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រូច ដែលបានជួយរៀបចំទីតាំង ដើម្បីធ្វើឱ្យពិធីនេះ ដំណើរការទៅបានរលូន និងតែងតែបានដោះស្រាយការលំបាកនានាជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំតាំងក្រូចនេះ ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំងអស់ បានប្ដេជ្ញា និងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណិតបន្តបន្ទាប់ទៀត ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner