ពិធីសម្ភោធអគាររដ្ឋបាល សាលាឃុំព្រែកជ្រៃ និងពិនិត្យការដ្ឋានសាងសង់ផ្លូវប្រវែង ២៤០០ម៉ែត្រនៅស្រុកកោះធំ ខេត្តកណ្តាល

កណ្តាល៖ នៅព្រឹកថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៨ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលសាលាឃុំ និងពិនិត្យទីតាំងការដ្ឋានសាងសង់ផ្លូវប្រវែង ២៤០០ម៉ែត្រ នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញ ខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក  និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៧០០ នាក់ ។
        ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការ ការពារថែរក្សារាល់សមិទ្ធផលនានាដែលមានស្រាប់ និងបន្តធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ជាពិសេសបានចូលរួមក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ជាក់ស្តែងថ្ងៃនេះ ស្រុកកោះធំទទួលបាននូវអគារសាលាឃុំថ្មីមួយខ្នង ដែលជាថវិកាគុណប្រយោជន៍ខេត្តមានប្រវែងបណ្តោយ ១០ម៉ែត្រ ទទឹង១៤.៦ម៉ែត្រ សម្រាប់បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

       ទន្ទឹមនឹងនេះ ឯកឧត្តម បានផ្តាំផ្ញើរ ត្រូវជួយថែរក្សា ការពារ អគារសាលាឃុំថ្មីនេះ ឱ្យបានគង់វង្ស ម្យ៉ាងវិញទៀតមន្ត្រីឃុំត្រូវធ្វើជាគំរូល្អរបស់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់  និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់របបរៀបរយសង្គមជូនប្រជាពលរដ្ឋ និងឈានឆ្ពោះទៅ រកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។  ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះអោយបានគ្រប់ៗគ្នា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner