ចក្ខុវិស័យរាជរដ្ឋាភិបាល គឺការពង្រឹង កែលម្អ និងបន្តជម្រុញអនុវត្តគ្រប់យ៉ាង នូវកម្មវិធីកែទម្រង់នានា

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល ៖ មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័ន សាធារណៈគ្រប់ថ្នាក់ ការយកចិត្តទុកដាក់ពង្រឹងនិងកែលម្អជាប់ជាប្រចាំ តាមរយៈការបន្តជម្រុញអនុវត្តន៍យ៉ាងសកម្ម ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវ 3KDI ក្រាលកៅស៊ូ DBST ប្រវែងជាង ៨ពាន់ម៉ែត្រ នៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះថា សមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក ក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជា ក៏ទទួលបាននូវភាពជោគជ័យក្នុងចំណោមប្រទេសល្អដាច់គេទាំង ១០ ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងត្រូវការចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ចំពោះការអភិវឌ្ឍន៍ទាំងអស់នេះ គឺបានកើតឡើងក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ជាក់ស្តែងនៅក្រោយការដឹកនាំប្រកបដោយភាពវៃឆ្លៀត ប្រាកដនិយម ពោពេញទៅ ដោយភាពក្លាហាន និងគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាចាប់ប្រកាន់យកនូវការ កែទម្រង់ជាបន្តបន្ទាប់ឥតងាកថយ គឺបានចាប់ផ្តើមពីភាពអត់ឃ្លានរុំារ៉ៃ ក្រោយថ្ងៃរំដោះប្រទេសជាតិ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងបានឆ្លងកាត់ការកែទម្រង់ជាច្រើន ពោលគឺចង់ប្រែក្លាយកម្ពុជាជាប្រទេសអភិវឌ្ឍន៍គ្រប់បែបយ៉ាង ទាំងនៅទីក្រុង និងជនបទ ជាក់ស្តែងកំណាត់ផ្លូវ 3KDI ក្រាលកៅស៊ូ DBST ប្រវែងជាង ៨ពាន់ម៉ែត្រ ដែលដាក់សម្ពោធនៅថ្ងៃនេះ គឺជា សមិទ្ធផលថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសការប្រកបរបចិញ្ចឹមជីវិត របស់បងប្អូននៅក្នុងមូលដ្ឋាន និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗជាដើម។

     ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះដែរ លោក ប៊ុន ផេង ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល លើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកខ្សាច់កណ្តាលមានការអភិវឌ្ឍន៍ជាច្រើនដូចជា វិស័យអប់រំមានអគារសិក្សា របស់សម្តេចតេជោចំនួនសរុប ៦៣អគារ ស្មើនឹង ២៨៦បន្ទប់ ផ្នែកសំណង់ធារាសាស្រ្ត ស្តារនិងជួសជុលទំនប់អាងទឹក មានប្រវែងជាង៣ម៉ឺនម៉ែត្រ និងប្រឡាយប្រវែងជាង ២ម៉ឺនម៉ែត្រ សំណង់ទ្វារទឹកចំនួន ១២កន្លែង អាចធានាការស្រោច ស្របដំណំាស្រូវ បានចំនួនជាង២ពានហិចតា។ ចំណែកវិស័យសាសនា បានកសាងព្រះវិហារថ្មីចំនួន០៥វត្ត សាលាពុទ្ធិក អនុវិទ្យាល័យ០១ខ្នង០៦បន្ទប់ សាលាពុទ្ធិកបឋមសិក្សាចំនួន០៥កន្លែង ឧបដ្ឋានសាលា១១ខ្នង កុដិ០៨ខ្នង របងវត្តសរុប ជាង ១ពាន់ម៉ែត្រ និងក្លោងទ្វារចំនួន ២៥កន្លែង។
       លោកបន្តថា ចំពោះផ្នែកសាធារណការ ស្ពានបេតុងមានចំនួន ៣៦កន្លែង ស្ពានបេឡេ ៥កន្លែង ស្ពានយោល ៣កន្លែង ផ្លូវក្រាលកៅស៊ូ DBST ចំនួន ០៧ខ្សែ ប្រវែងជាង ៧ម៉ឺនម៉ែត្រ ផ្លូវបេតុង ១០៩ខ្សែប្រវែងជាង ៤ម៉ឺនម៉ែត្រ ផ្លូវក្រាលគ្រួស ក្រហម ២៨ខ្សែ ប្រវែងជិត ៥ម៉ឺនម៉ែត្រ ផ្លូវលំដីស ៣២ខ្សែ ប្រវែងជាង ៧ម៉ឺនម៉ែត្រ ផ្លូវទំាងអស់បានប្រទាក់ក្រឡាដូចសរសៃឈាមយ៉ាងរស់រវើក នៅទូទំាង ១៨ឃុំក្នុងស្រុក ពោលគឺមានផ្លូវ គឺមានក្តីសង្ឃឹម ៕

  នៅក្នុងឱកាសនេះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អំណោយជូនយាយជី តាជី និងប្រជាពលរដ្ឋ និងបានផ្តល់ ថវិការសម្រាប់ថ្លៃជាងចំនួន ៦០០ដុល្លារ និងបានប្រគេនបច្ច័យចំនួន២០លានរៀន សម្រាប់ការកសាងព្រះវិហារវត្ត សរសរពេជ្រផងដែរ ៕និងអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់អោយប្រើប្រាស់កំណាត់ផ្លូវ3kdiក្រាលកៅស៊ូDBSTប្រវែង8000ម៉ែត្រស្ថិតក្នុងឃុំស្វាយរមៀតស្រុកខ្សាច់កណ្តាលខេត្តកណ្តាលនាឱកាសនេះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner