អាជ្ញាធរមូលដ្ឋានទាំងអស់ ហាមទទួលសំណូកខុសនិងគោលការណ៍ច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហាមឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ទទួលសំណូក និងការទទួលបម្រើសេវាខុសនិងគោលការណ៍ច្បាប់ រួមជាមួយការផ្តល់សេវាផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ សំដែងការមិនពេញចិត្ត ។

ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ដោយជម្រុញបង្កើតឲ្យមានសាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ ផ្លូវ ស្ពាននានា ដើម្បីបង្ករលក្ខណៈងាយស្រួល ឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបាននូវសេវា ប្រកបដោយភាពជឿជាក់ អំពីការគិតគូរពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
 
      ទាក់ទិននឹងការខិតខំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ មន្រ្តី ឬអាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋ ត្រូវមានតាតព្វកិច្ចចូល រួមការពារសមិទ្ធិផលនានាក្នុងមូលដ្ឋាន ការថែរក្សាឲ្យបានគង់វង្សយូរអង្វែង ក្នុងនោះចំពោះអាជ្ញាធរត្រូវអនុវត្តការងារ ឲ្យបានត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការថែរក្សា ការពាររាល់សមិទ្ធផលរបស់សង្គមជាតិ ពិសេសសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ធំមិនអាច កាត់ថ្លៃបាន ។

  ឯកឧត្តម ជាប ដាវុធ ស្នើរឲ្យមន្រ្តី ឬអាជ្ញារមូលដ្ឋាន ត្រូវបម្រើសេវាឲ្យបានល្អ ដើម្បីជម្រុញខិតឲ្យជិត ប្រជាពលរដ្ឋ ដែលជាការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នឹងត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ នូវលើចំណុចខ្វះខាតទាំងឡាយ ដើម្បីរួមដៃគ្នាដោះស្រាយរាល់បញ្ហាកើតឡើងទាំងនោះ ឲ្យបានទាន់ពេលវេលារ ក្នុងការ ផ្តល់សេវាសាធារណៈទាំងនេះ ធ្វើយ៉ាងណាជម្រុញឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ ដើម្បីឈានទៅរកការបោះឆ្នោត នាពេលខាងមុខ ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីជួបសំណេះសំណាល់នេះ មានប្រជាពលរដ្ឋ ក្រុមយុវជនចូលរួមប្រមាណជាង១ពាន់នាក់ ក្នុងនោះពួកគេបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមបោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner