ពិព័រណ៍អឺរ៉ុបលើកទី១នៅកម្ពុជា បើកសម្ពោធជាផ្លូវការហើយ នៅទីក្រុងកោះពេជ្រ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ ខែកក្កដា ដោយមានក្រុមហ៊ុនធំៗច្រើនជាង៤០ចូលរួម
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុបមានជិត៦ពាន់់លានដុល្លារអាមេរិកនៅ ក្នុងឆ្នាំ២០១៧កន្លងមកនេះ ស្របពេលដែលកម្ពុជានាំចេញទៅអឺរ៉ុបមានទឹកប្រាក់ជាង៤ពាន់់ លានដុល្លារអាមេរិក ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជាមានទឹកប្រាក់ជិត១ពាន់់ លានដុល្លារអាមេរិក ។
នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការពិព័រណ៍អឺរ៉ុបលើកដំបូងនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ខែមិថុនានេះ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយព្រឹត្តិការណ៍ពិព័រណ៌ដ៏ធំនេះ ធ្វើឡើង មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ ខែកក្កដាខាងមុខ ។ លោកជំទាវបានថ្លែង អោយដឹងទៀតថា សហគមអឺរ៉ុបជាប្រទេសទី១ ដែលទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ ជាពិសេសផ្នែកសម្លៀកបំពាក់ កង់ និងស្បែកជើងជាដើម ដែលនេះជាការពង្រឹងទំនាក់ទំនង រវាកម្ពុជា-អឺរ៉ុបអោយកាន់រឹងមាំបន្ថែមទៀត ។
លោកជំទាវបន្ថែមទៀតថា ការតាំងពិព័រណ៍ របស់សមាគអឺរ៉ុបនៅថ្ងៃនេះ ជាឱកាសល្អសម្រាប់ វិនិយោគិនកម្ពុជា និងវិនិយោគិនអឺរ៉ុប ក្នុងការពង្រឹងប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផ្សេងៗលើពិភពលោក ។ អ្វីដែលសំខាន់ទៀត នោះ ការវិនិយោគនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះកម្ពុជាប៉ុណ្ណោះទេ តែនឹងផ្ដល់ដល់ បណ្ដាលប្រទេសផ្សេងៗលើពិភពលោកផងដែរ ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបញ្ជាក់ថា នេះជាកិត្តិយសដ៏ធំធេង មួយសម្រាប់អឺរ៉ុប ដែលបានមកចូលរួមរៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះ នៅកម្ពុជា ។ ពិព័រណ៍ពាណិជ្ជកម្មលើកទី១នេះ នឹងដាក់តាំងផលិតផលល្បីៗ និងសេវាកម្មល្អៗ មកពីអឺរ៉ុបជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់ ហើយនេះ ជាការជួយជម្រុញ បណ្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុបផងដែរ ។
សូមជម្រាបថា សហគមអឺរ៉ុបបានរៀបចំពិព័រណ៍ពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ដោយមានក្រុមហ៊ុនប្រមាណជាង៤០ស្ដង់ចូលរួម ក្នុងនោះមានក្រុមហ៊ុនផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណី អាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត ។ ក្នុងពិព័រណ័នោះក៏មានការតាំង បង្ហាញនូវម៉ាករថយន្ដមានម៉ាកល្បីៗដូចជា BMW Mercedes និងPorsche ហើយអ្វីដែលកាន់ តែពិសេសទៀតនោះ មានការបញ្ចុះតម្លៃថែមទៀតផង ៕