ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំផាត់សណ្តាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៩០០នាក់ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឃុំផាត់សណ្តាយ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។ ឯកឧត្តម បន្តទៀតថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម សុំធ្វើការអភ័យទោស និងអធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋទំាំងអស់ ចំពោះមន្ត្រីមួយចំនួនតូចរបស់គណបក្សប្រជាជនកម្ពុជា ដែលបម្រើសេវាសាធារណៈជូនបងប្អូនមិនបានល្អ នឹងធ្វើការអប់រំដល់មន្ត្រីទំាងនោះ ព្រមទំាំងបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួន ជូនដល់បងប្អូនប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានមកឯកឧត្តមផ្ទាល់ ឬតាមរយៈ Facebook អំពីសកម្មភាពមន្ត្រីអសកម្មមួយចំនួនតូច។ ក្នុងនោះ ឯកឧត្តម បានជំរុញឲ្យសមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជា លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សា ឃុំ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។
ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើរដល់បងប្អូនទំាងអស់ រួមគ្នាលុបបំបាត់បទល្មើសនេសាទការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដោយផ្តើមចេញពីខ្លួនយើងម្នាក់ៗ! រួមគ្នាថែរក្សាធនធានធម្មជាតិរបស់យើង ដើម្បីខ្លួនយើង កូនចៅយើង និងដើម្បីសង្គមជាតិទាំងមូល ៕ ដោយ ប៊ុនរដ្ឋា