រដ្ឋមន្ត្រីការបរទេសកូរ៉េ វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-កូរ៉េ

 

ភ្នំពេញ៖ការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ បានធ្វើឡើងក្នុងឱកាសដែល លោកនង សាកល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ បានដឹកនាំគណប្រតិភូឯកអគ្គរាជ/រដ្ឋទូត ដែលជាគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់ប្រទេសអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នៅថ្ងៃទី២៥ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកូរ៉េ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ហើយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ។

 

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីការបទេសកូរ៉េ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េ ក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េ និងថ្លែងអំណរគុណកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួល ដែលបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងដៃគូរវាងអាស៊ាន-កូរ៉េ ប្រកបដោយផ្លែផ្កា។ លោកស្រីក៏បានបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មី របស់រាជកូរ៉េបច្ចុប្បន្ន និងបានស្នើអាស៊ាន បន្តគាំទ្រដល់ដំណើរការសន្តិភាព និងការរំលាយអាវុធប្រល័យលោក នៅឧបទ្វីបកូរ៉េ។

 

លើសពីនេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបំណងរបស់កូរ៉េ ឲ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េ ក្នុងឆ្នាំ២០១៩ ដើម្បីប្រារព្ធខួបលើកទី៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-កូរ៉េ និងបានលើកឡើងពីគោលបំណងរបស់កូរ៉េ ក្នុងការធ្វើឲ្យកាន់តែស៉ីជម្រៅថែមទៀត នូវទំនាក់ទំនងជាមួយអាស៊ាន ហើយបានចាត់ទុកអាស៊ានជាដៃគូប្រកបដោយសក្តានុពល ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

 

លោកនង សាកល បានគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា និងរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះការលើកស្ទួយទំនាក់ទំនងកម្ពុជា-កូរ៉េ។ លោកក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់កូរ៉េ ដល់បុព្វហេតុការកសាងអាស៊ាន ការកាត់បន្ថយគម្លាតក្នុងតំបន់អាស៊ាន ការសម្រេចបាននូវសមាហរណកម្មអាស៊ាន និងកម្មវិធីតភ្ជាប់អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្មជាមួយកម្មវិធីជាច្រើនរបស់អាស៊ាន និងការផ្តល់ថវិកា និងការចែករំលែកបទពិសោធន៍។

 

លោកនង សាកល ក៏បានបង្ហាញក្តីសង្ឃឹមថា គោលនយោបាយភាគខាងត្បូងថ្មី និងគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការអនុវត្តផែនការលម្អិតទាំងបីរបស់អាស៊ាន ហើយបានសម្តែងការពេញចិត្តចំពោះព័ត៌មាននៃលទ្ធភាពពង្រីកវិសាលភាពការងាររបស់ស្ថានបេសកកម្មកូរ៉េប្រចាំអាស៊ានទ្វេរដង និងផែនការបង្កើនកញ្ចប់ថវិកាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ទ្វេរដងផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner