ប្រតិបត្តិការស្វែងរកក្មេងៗហាត់បាល់ទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ដែលកំពុង បាត់ខ្លួនដោយអាថ៌កំបាំងក្នុងរូងភ្នំនៅខេត្តឈៀងរ៉ៃ បន្តធ្វើឡើងយ៉ាងដុតដៃដុតជើង
ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមអ្នកជំនាញរុករកក្រោមរូងភ្នំបីនាក់ មកពីអង់គ្លេសកំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកក្មេងៗទំាង១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់សរុបចំនួន១៣នាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងរូង ភ្នំមួយនៅខេត្តឈៀងរ៉ៃ ចាប់តាំងពីថ្ងៃ សៅរ៍ សប្តាហ៍មុនមក ។
ក្មេងៗទាំងនេះមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេ មានអាយុ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅ មុនពេលមានទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈរដ្ឋាភិបាលថៃបានដាក់ ពង្រាយទាហានរបស់ខ្លួនច្រើនជាង១.០០០នាក់ អោយទៅគំាទ្រក្រុមអ្នកជួយសង្រ្គោះ ទាំង១២ក្រុមផងដែរ ហើយការបាត់ខ្លួនរបស់ជងរងគ្រោះបានឈានចូលដល់ថ្ងៃទី៦ ហើយ ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីមហាផ្ទៃថៃលោក អនុពង្ស ផាវចិន្តា បានឱ្យដឹងថា ក្រុម អ្នកជួយសង្រ្គោះកំពុងចាប់ផ្តើមជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ដើម្បីចូលទៅដល់ កន្លែងអ្នកបាត់ខ្លួន ។
ដោយឡែកក្រុមអ្នកជំនាញរុករកក្រោមល្អាងភ្នំបីនាក់មកពីអង់គ្លេស ដែលមកដល់ប្រទេសថៃកាលពីថ្ងៃពុធ រួមទាំងក្រុមកុម្ម៉ង់ដូពិសេសអាមេរិក សៀល ក៏ កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះដែរ ជាមួយក្ដីរំពឹងថា អាចនឹងរកឃើញ អ្នកបាត់ខ្លួនទាំងនោះឆាប់ៗនេះ ។
សូមរំលឹកថា ក្មេងៗជំទង់១២នាក់ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និងគ្រូ បង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីថ្ងៃ សៅរ៍សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុង រូងភ្នំ ថាមលួង ណាង ណុន ដែលស្ថិតនៅភាគជើងខេត្ត ឈៀងរ៉ៃ និងជារូងភ្នំវែងជាងគេបំផុតទី៤របស់ថៃ ៕