រាជរដ្ឋាភិបាល បានកំណែទម្រង់គ្រប់បែបយ៉ាងនៅក្នុងអណត្តិថ្មីនេះ
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងលើកឡើងថា នៅក្នុងអណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានជម្រុញកំណែទម្រង់ជាច្រើន នៅលើសេវាសាធារណៈ ជាពិសេសការអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឲ្យ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ ។
ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនិងការកំណែ ទម្រង់នៅក្នុងអណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានជម្រុញកំណែទម្រង់ស្ទើរគ្រប់វិស័យ ព្រមទាំងបានចូលរួមអភិវឌ្ឍនៅតាម មូលដ្ឋាន កើតឡើងជាហូរហែរដូចជា ផ្លូវ ស្ពាន សាលារៀន និងវត្តអារ៉ាមជាដើម ជាពិសេសជម្រុញអនុវត្តន៍គោលនយោ បាយជាច្រើនទៀត ធ្វើឲ្យកម្ពុជារក្សាបានកំណើនល្អ ក្នុងការបង្កើនដល់ចំណូលថវិការជាតិ ។
ឯកឧត្តម បានបន្តថា ជាក់ស្តែងនៅក្នុងពេលកន្លងមកនេះ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ គឺបានកាន់តែ ខិតមកជិតប្រជាពលរដ្ឋ និងទទួលទាន់ពេលវេលាទៅតាមតម្រូវការបច្ចុប្បន្ន ក្នុងនោះក្រៅពីការផ្តល់សេវាសាធារណៈ រាជរដ្ឋាភិបាលក៏បានគិតគូយ៉ាងខ្លាំង ដូចជាការតម្លើងប្រាក់បៀរវត្សរ៍ជូនដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ-កម្មការិនី ព្រមទាំងបានដោះស្រាយនូវបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ។
ឯកឧត្តម ជាប ដាវុធ បន្តលើកឡើងថា ដើម្បីជម្រុញការកំណែទម្រង់ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យកាន់តែប្រសើរ ជាពិសេសក្នុងអណត្តិបន្តទៀតនេះ រាជរដ្ឋាភិបាលបានរៀបចំគម្រោងរួចជាស្រេច អំពីកាអនុវត្តន៍ គោលនយោបាយកាន់តែមានប្រសិទ្ធភាព ការពង្រឹងសមត្ថភាពបន្ថែម និងការបង្កើនការងារនៅលើចំណុចខ្វះខាត ដែល បានអនុវត្តន៍នាពេលកន្លងមក ធ្វើយ៉ាងណាជម្រុញឲ្យប្រជាពលរដ្ឋមានភាពជឿទុកចិត្តកាន់តែខ្លាំង ទៅលើអង្គការ យោបាយ សតិអារម្មណ៍ ស្មារតី និងមានការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ឲ្យទទួលបានជោគជ័យទាំងស្រុង៕