នគរបាលប្រឆាំងគ្រឿងញៀន ស្ទាក់ចាប់រថយន្តក្រុងដឹកអ្នកដំណើរ «សូរិយា» រឹបអូសថ្នាំញៀនជាង១០០គីឡូក្រាម នៅព្រំដែនកម្ពុជា-ឡាវ
ស្ទឹងត្រែងៈ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបបានគ្រឿងញៀនប្រមាណជាង១០០ដុំ មានទម្ងន់ជាង១០០គីឡូក្រាម នៅចំណុចច្រកអន្តរជាតិត្រពាំងគ្រៀលព្រំដែនកម្ពុជា-ឡាវ ខណៈក្រុមឈ្មួញដឹកចេញពីប្រទេសឡាវចូលមកក្នុងប្រទេសកម្ពុជា។
យោងតាមមន្រ្តីច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក្រុងស្ទឹងត្រែង ឲ្យដឹងថា ថ្នាំញៀនចំនួនជាង១០០ដុំ ជាប្រភេទម៉ាកទឹកកក គឺក្នុងមួយដុំ ទម្ងន់ប្រហែលជា១គីឡូក្រាម ត្រូវបានរកឃើញលើរថយន្តក្រុងដឹកអ្នកដំណើរ «សូរិយា» ខណៈចេញពីច្រកទ្វារអន្តរជាតិ និងបន្តគោលដៅទៅរាជធានីភ្នំពេញ។
មន្រ្តីច្រកទ្វារដដែល បន្តថា ការឃើញថ្នាំញៀនដ៏ច្រើននោះ ត្រូវបាននាំចេញពីប្រទេសឡាវ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ មិថុនា ។ ក្នុងការឆែកឆេរកឃើញថ្នាំញៀននេះ សមត្ថកិច្ច បានឃាត់មនុស្សប្រុស៣នាក់ ដែលមានការពាក់ព័ន្ធក្នុងករណីនេះ ទី១ គឺតៃកុងរថយន្ត ទី២អ្នកបកប្រែភាសា និងទី៣ ជនសង្ស័យជាម្ចាស់ថ្នាំញៀនតែម្តង៕