អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធសមិទ្ធផលជាច្រើន នៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ដោយចំណាយថវិកាសាងសង់អស់ប្រមាណជិត ៤០ ម៉ឺនដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល, និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវបេតុង, ផ្លូវក្រាលថ្មមិច, ផ្លូវលំ, ស្ពាន, លូ,  និងសមិទ្ធផលជាច្រើនផ្សេងៗទៀតនៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណជាង ៣៧ ម៉ឺនដុល្លារ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី       ហ៊ុន សែន ជូនចំពោះតាជី, យាយជី, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់, ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែ  គិតគូរអំពីសុខទុក្ខ, ការលំបាក និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងតែងតែនៅជាប់ជាប្រចាំជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ។

    លោកអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាស៍ថា, សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈនៅឃុំទាំងពីរ ដែលមានជាអាទិ៍៖ ផ្លូវក្រាលកំទេចថ្មដែលដាក់លូរំដោះទឹក ចំនួន ៣ ខ្សែ ប្រវែងសរុប ៣,២៤៧ ម៉ែត្រ នៅក្នុងឃុំព្រែកតាកូវ, ផ្លូវក្រាលកំទេចថ្មចំនួន ១៩ ខ្សែ ប្រវែង ៨,៥១២ ម៉ែត្រ, និងផ្លូវបេតុងទទឹង ២ ម៉ែត្រ, បណ្តោយ ៦០ ម៉ែត្រ ចំនួន ៣៤ ខ្សែ, ប្រវែងសរុប ២,០៤០ ម៉ែត្រ នៅក្នុងឃុំព្រែកលួង សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ការអភិវឌ្ឍនៅក្នុងឃុំទាំងពីរ ក៏ដូចជានៅគ្រប់ទីកន្លែងដទៃទៀត អាចកើតឡើងបាន ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបរិបូរណ៍ដូចសព្វថ្ងៃ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ និងដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត, ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនៅឃុំព្រែកតាកូវ និងឃុំព្រែកលួង   ក៏ដូចប្រជាពលរដ្ឋទូទៅ ឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល ។

ចុងបញ្ចប់, លោកអគ្គបណ្ឌិតសភាចារ្យ បានកាត់ខ្សែបូជានិមិត្តរូបនៃការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផល ខាងលើនៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង, ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner