លោកហ៊ុន ម៉ាណែត បញ្ជាក់ពីសារសំខាន់នៃការបោះឆ្នោត ដែលជាវិធីតែមួយគត់ក្នុងការ ជ្រើសរើសអ្នកដឹកនាំប្រទេសប្រកបដោយសន្តិវិធីនៅប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកការងារយុវជន លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជន និងបញ្ចូលសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤មិថុនា ម្សិលមិញ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ ហើយមានតែការបោះឆ្នោត តែមួយគត់និងជាវិធីសាស្ត្រតែមួយគត់ដែលជ្រើសរើសអ្នកដឹកនាំប្រទេសប្រកបដោយសន្តិវិធី ដោយយុត្តិធម៌និងបែបលទ្ធិប្រជាធិបតេយ្យ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលនៅក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចប៉ុន្តែមិនមែនមានតែគណបក្សមួយទេហើយប្រជាជនមានសិទ្ធិសេរីភាពនៅក្នុងការជ្រើសរើសជាមួយគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត។ ជាក់ស្ដែងការចូលរួមរបស់យុវជនជាមួយនឹងគណបក្សប្រជាជនកម្ពុជាគឺគ្មានការបង្ខិតបង្ខំណាមួយឡើយ។ លោកថា បើប្រជាពលរដ្ឋស្រលាញ់គណបក្សប្រជាជនកម្ពុជា ត្រូវជួយបក្ស នៅពេលដែលបក្សឈ្នះ គឺបក្សជួយប្រជាជន ជួយដល់គ្រួសារប្រជាពលរដ្ឋជួយផ្ដល់ ឱកាសគ្រប់បែបយ៉ាងដល់យុវជនបន្តទៀត ដែលនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។

ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត ក៍បានអំពាវនាវឲ្យយុវជននិងសមាជិកសមាជិការ ទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្រប់គ្នានិង និងជំរុញប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រនិងនិងលើកទឹកចិត្តដល់សម្តេចតេជោហ៊ុន សែន ដើម្បីដឹកនាំប្រទេសអោយរីកចម្រើនជា បន្តទៀត។ លោកថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីការពារនីតិរដ្ឋ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការពារលទ្ធិប្រជាធិបតេយ្យការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋនិងសិទ្ធិដើម្បីបម្រើប្រជាពលរដ្ឋតទៅទៀត  ព្រោះថាអនាគតរបស់ កម្ពុជាគឺពឹងផ្អែកលើរាជរដ្ឋាភិបាលដែលមានបទពិសោធន៍សមត្ថភាព រក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍទាំងអស់គ្នា។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាពលរដ្ឋតាំងពីបាតដៃទទេរហូតមកដល់មានការរីកចម្រើនដូចបច្ចុប្បន្ន។ បក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលដឹកនាំប្រទេសយូរជាងគេ មានបទពិសោធន៍ច្រើនជាងគេនិងជាគណបក្សដែលធំជាងគេ។ ដូច្នេះការចូលរួមរបស់យុវជនជាមួយគណបក្សប្រជាជនកម្ពុជាមិនមែនជាការចៃដន្យទេ គឺឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការបក្សព្រោះសកម្មជនយុវជនគឺជាតំណាងរបស់បក្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ គុណធម៌ មានការទទួលខុសត្រូវ ចំពោះភារកិច្ច ដែលបក្សប្រគល់ឲ្យដើម្បីបម្រើបក្សនិងបម្រើប្រជាជន។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner