សេចក្តីប្រកាសព័ត៌មាន សហភាពអឺរ៉ុបផ្តល់ជំនួយដល់ អ.វ.ត.ក សម្រាប់ឆ្នាំ ២០១៨
សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយចំនួន ៣,៥ លានអឺរ៉ូ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
(អ.វ.ត.ក) ដើម្បីគាំទ្រដល់ដំណើរការរបស់ អ.វ.ត.ក សម្រាប់ឆ្នាំ ២០១៨ ដែលក្នុងនោះ ទឹកប្រាក់ចំនួន ២,២៥ លានអឺរ៉ូ នឹងផ្តល់ជូនភាគីអន្តរជាតិ និង ១,២៥ លានអឺរ៉ូ នឹងផ្តល់ជូនភាគីជាតិ។
សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការផ្តល់ជំនួយចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ អ.វ.ត.ក មានចំនួនសរុប ២២,៧០ លានអឺរ៉ូ ចាប់ពីសាលាក្តីខ្មែរក្រហមចាប់បដិសន្ធិនៅឆ្នាំ ២០០៦ មក។
ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋ បាល អ.វ.ត.ក បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា៖ “តាងនាមឲ្យ អ.វ.ត.ក យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការបន្តឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហភាពអឺរ៉ុប។ ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ នឹងរួមចំណែកបន្តនិរន្តរភាពកិច្ចការរបស់សាលាក្តីដើម្បីសម្រេចបានយុត្តិធម៌ចំពោះអំពើឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩”។
អំពីសហភាពអឺរ៉ុប
សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយក៏ជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍មួយ ក្នុងចំណោមប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍ធំៗបំផុត។ សហភាពអឺរ៉ុបមានតំណាងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈគណៈប្រតិភូរបស់ខ្លួនចំនួន ១៣៩ ប្រទេស ដោយកសាងបណ្តាញទំនាក់ទំនង និងភាពជាដៃគូ និងលើកកម្ពស់គុណតម្លៃ និងផលប្រយោជន៍របស់សហភាពអឺរ៉ុប ក្នុងនោះរួមមាន ការលើកកម្ពស់សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ព្រមទាំង ការអភិវឌ្ឍប្រកបដោយបរិយាប័ន និងនិរន្តរភាព។