សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ឫសសីមា នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
តាកែវ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារ នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។
ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ ។
បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអោយដឹងថា ៖ វត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ វត្តនេះចូលតាមផ្លូវជាតិលេខ០២ ចន្លោះគីឡូមែត្រលេខ៩១ និងលេខ៩២ មានផ្លូវចូលពីទិសខាងកើតចម្ងាយ៧០ម៉ែត្រ ។ វត្តនេះកសាងឡើងកំឡុងឆ្នាំ១៧៣៩-១៧៧៣ គិតដល់បច្ចុប្បន្នមានអាយុកាលចំនួន២៤៥ឆ្នាំ។ ដោយព្រះវិហារចាស់ មានការទ្រុតទ្រោមជាខ្លាំង ព្រះចៅអធិការវត្តព្រះនាមធម្មវរិយត្ថេរោ ប៉ាក សំអាត បានផ្តួចផ្តើមកសាងព្រះវិហារថ្មីរមួយ ជាមួយនឹងបុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ដែលបានបញ្ចុះបឋមសិលា នៅថ្ងៃ៣ រោច ខែមាឃ បញ្ចស័ក ព.ស២៥៥៦ ត្រូវនឹងព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះវិហារមានទទឹង១១ម៉ែត្រ បណ្តោយ២២ ម៉ែត្រ ដែលចំណាយថវិកាសរុបអស់៦៣២.២០០ដុល្លារសហរដ្ឋអាមេរិក ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាក្នុងពេលនេះ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាជនសប្បាយរីករាយ និងមានមោទនៈភាពចំពោះការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ទាំងផ្នែកអណាចក្រ និងពុទ្ធចក្រ ហើយប្រជាជនយើងបាននឹងកំពុងរីករាយសារទរចំពោះសមិទ្ធផលសង្គម និងជីវភាពកាន់តែល្អប្រសើរ ដោយមានការដឹកនាំដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលកម្ពុជា ។សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ការកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នាឱកាសនេះ គឺជាគុណប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តប្រាំបីមុំ និងប្រជាជនដែលរស់នៅក្នុងមូលដ្ឋាននេះ មានទីអារាមសម្រាប់ធ្វើសក្ការៈគោរពបូជាតាមគន្លងនៃព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ ។ ទន្ទឹមនឹងនេះដែរ សម្តេចក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត ជាពិសេស ឯកឧត្តម ទេព ងន អនុបប្រធានទី២ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាកធនធាន បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត សាងសង់ព្រះវិហារថ្មីរដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ដោយឆ្លើយតបបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះតម្រូវការ និងពុទ្ធបរិស័ទយើងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា តាមពុទ្ធាប្បញ្ញតិ្ត និងតាមពុទ្ធនុញ្ញាត ។ ជាមួយគ្នានេះដែរ សម្តេចក៏បានថ្លែងអំណរព្រះគុណ និងអរគុណដល់ដ៏ជ្រាលជ្រៅបំផុតចំពោះសប្បុរសជន ដែលបានលះបង់ធនធានផ្ទាល់ខ្លួនដោយព្រះទ័យ និងទឹកចិត្តជ្រះថ្លាជាកុសលចែករំលែកនូវវិភាគទានដ៏ថ្លៃថ្លាកសាងព្រះវិហារថ្មី និងសមិទ្ធផលនានាដោយចំណាយថវិកាកសាងសរុបចំនួនជាង ៦០ ម៉ឺនដុល្លារអាមេរិក ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលបានកំណត់រួចហើយនូវគោលនយោបាយគណបក្សកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០១៨-២០២៣ ក្រោមការដឹកនាំដ៏ឆ្លាសវៃអង់អាចក្លាហាន និងប្រកបដោយគតិបណិ្ឌតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្នុងតំណាក់កាលនេះ ព្រះរាជាណាចក្រកម្ពុជាបានបន្តឈានទៅមុខប្រកបដោយមោទនភាព លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍ។ ប្រការទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ។
សម្តេចប្រធានព្រឹទ្ឋសភា បានបញ្ជាក់បន្ថែមថា ៖ បច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន២០ដែលត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។ ទន្ទឹមនឹងនេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើរទៅដល់ព្រះតេជគុណគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមនិមន្ត និងអញ្ជើញទៅចូលរួមអនុវត្តសិទ្ធិរបស់ពលរដ្ឋ ដោយទៅធ្វើការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងសូមមេត្តាពិចារណា មុនធ្វើការសម្រេចចិត្ត ដោយនឹកដល់ពាក្យស្លោកខ្មែរយើងថា “ផឹកទឹក នឹកដល់ប្រភពទឹក” “ទទួលទានផ្លែឈើ ត្រូវនឹកដល់អ្នកដាំ” ។ ដោយជ្រើសរើសគណបក្សណាដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព និងបន្តរក្សាសន្តិភាពជាមួយបងប្អូន និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជូនបងប្អូន និងប្រទេសជាតិរហូតដល់សព្វថ្ងៃនេះ ៕