អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់២០ខ្នងយ៉ាងសន្ធោសន្ធៅទាំងព្រឹកព្រលឹម នៅក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២០ខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងកងកម្លាំងចម្រុះ ក៏ដូចជាអាជ្ញាធរខណ្ឌមានជ័យ បានចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់ និងសង្គ្រោះមនុស្សចាស់ជរាដែលជាជនពិការកំពុងតែជាប់ក្នុងផ្ទះ ឲ្យរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦៥បេតេ ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ឲ្យដឹង ថា នៅក្នុងករណីអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងផ្ទះ ស្មើនឹង៣១គ្រួសារ ក្នុងនោះមានផ្ទះថ្មចំនួន៦ខ្នងផ្ទះ ដំបូលស័ង្កសី និងផ្ទះឈើ១៤ខ្នង ផ្ទះដំបូលស័ង្កសី តែករណីអគ្គិភ័យនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។
លោក ឌី រ័ត្នខេមរុណ បានបន្តថា ការប្រតិបត្តិការនេះ មានការ អន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថរាជធានីភ្នំពេញចំនួន៥គ្រឿង, រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន១៣គ្រឿង, រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង, រថយន្តស្រាបៀរកម្ពុជា១គ្រឿង, រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តជ្រោយចង្វារចំនួន៤គ្រឿង ហើយជាលទ្ធផលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន២៨គ្រឿង ទើបរលត់ទៅវិញ ១០០%ភាគរយ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល ។
ចំណែកមូលហេតុ លោកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់បាននៅឡើយទេ រង់ចាំសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាមុនសិន។
លោកបានបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកសូមចូលរួមសោកស្តាយចំពោះករណីអគ្គិភ័យនេះ
លោកក៏បានសូមណូមពរសូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាភ្លើងទៀន ឬបណ្តាញខ្សែភ្លើងជាដើម ដែលអាចនឹងបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ជាពិសេសត្រូវសាងសង់ផ្ទះ ដោយទុកផ្លូវធ្វើការចេញចូលសម្រាប់រថយន្តពន្លត់អគ្គិភ័យឲ្យធំធូរលាយ ចៀសវាងកើតមានរឿងហេតុ ដូចជាករណីមួយនេះ៕