ប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ទទួលបានផ្លូវបេតុងថ្មីមួយខ្សែទៀត ពីរដ្ឋបាលខណ្ឌដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃ
ភ្នំពេញ ៖ អនុវត្តតាមយុទ្ឋសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងការប្រែក្លាយ និងអភិវឌ្ឍគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ទូទាំង១២ខណ្ឌបាននឹងកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះខណ្ឌដង្កោដែលសម្បូរទៅដោយផ្លូវដី ភក់ជ្រាំនោះ បានវិវឌ្ឍជាផ្លូវបេតុងស្ទើរគ្រប់ទីកន្លែងទូទាំង១៣សង្កាត់ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវដីមួយខ្សែទៀតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវបានលោកនុត ពុធដារ៉ា អភិបាលខណ្ឌ អមដំណើរដោយមន្រ្តីរាជការជាច្រើននាក់ទៀត បានធ្វើពិធីបើកការដ្ឋានជាផ្លូវការស្ថាបនាជាផ្លូវបេតុង ដើម្បីជួយសម្រួលបន្ថែមក្នុងការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។
លោកនុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានខណ្ឌដង្កោ បានប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័សក្នុងចំណោមខណ្ឌទាំង១២ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ការស្ថាបនាផ្លូវ និងប្រព័ន្ឋលូ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ទាំងនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាមួយកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ ។
បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយតទៅមុខទៀត ។
សូមបញ្ជាក់ថា ៖ ផ្លូវបេតុងឆ្អឹកដែកនេះមានប្រវែង៣៨៩ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ ជាគម្រោងថវិការរបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ ៕