សួនកំសាន្តដ៏ប្រណិត Eden Garden ចង់ក្លាយជាកន្លែងទេសចរណ៍សំខាន់មួយក្នុងរាជធានី ភ្នំពេញ
ភ្នំពេញ៖ សួនកំសាន្តដ៏ប្រណិត អេដិន ហ្កាឌិន ជាកន្លែងប្រជុំដោយតំបន់កំសាន្ត និងលំហែ២៤ ម៉ោងដំបូងគេក្នុងរាជធានីភ្នំពេញ ចង់អភិវឌ្ឍន៍ខ្លួនទៅជាតំបន់ទេសចរណ៍សំខាន់មួយ សម្រាប់ រាជធានីភ្នំពេញ ។ នេះជាការលើកឡើងរបស់លោក ហ្វាស ហ្កត់ប៊ី ជានាយកគ្រប់គ្រងសួន អេដិន ហ្កាឌិន ក្នុងសន្និសិទសារព័ត៌មានមួយ នៅមជ្ឈមណ្ឌលកំសាន្ត អ៊ីពិច ២ បឹងកក់ ។
លោកនាយកបន្តថា សួន អេដិន ហ្កាឌិន ជាសួនកំសាន្តមួយសំបូរទៅដោយរុក្ខជាតិបៃតង ព្រម ទាំងមានកន្លែងកំសាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញចម្រុះចំនួន២៦កន្លែង រួមបញ្ចូលទាំងរោងភាពយន្ត ក្លឹបរាត្រី និងហាងអន្តរជាតិល្បីៗផងដែរ ខណៈសួន អេដិន ហ្កាឌិន បង្កើតឡើងនៅលើផ្ទៃដីសរុប២ហិកតា ក្នុងទីក្រុងរណបថ្មី ភ្នំពេញស៊ីធីសេនធ័រ ( Phnom Penh City Center) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ឡាវ អាឡិច នាយកក្រុមហ៊ុនភ្នំពេញស៊ីតធីសេនធ័រមានប្រសាសន៍ថា គម្រោងភ្នំពេញ ស៊ីធីសេនធ័រ ដែលគ្របដណ្ដប់លើផ្ទៃដី ១១១ ហិចតា គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដោយផ្ដោតជាចម្បងលើគោលការណ៍នៃការរៀបចំដែនដីក្នុងទីក្រុងឲ្យបានល្អបំផុត។ គម្រោងនេះផ្ដោតលើទីកន្លែងរស់នៅ ការិយាល័យធ្វើការ ទីកន្លែងកម្សាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងទីកន្លែងអប់រំ ហើយគៅលដៅរបស់គម្រោងភ្នំពេញស៊ីធីសេនធ័រ គឺក្លាយជាគម្រោងស្នូលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់រាជធានីភ្នំពេញ ។
លោកបន្ថែមទៀតថា រូបលោកចង់អោយសួន កំសាន្ត អេដិន ហ្កាឌិន នេះ ក្លាយជាគោលដៅទេចរណ៍ដ៏សំខាន់មួយ និងមានឈ្មោះល្បីក្នុង រាជធានីភ្នំពេញ ហេតុដូចនេះហើយ ទើបមានការរៀបចំរចនាបថ ដែលមានលក្ខណៈពិសេស ដោយបង្កើតទីធ្លាខាងក្រៅគ្របដណ្ដប់ដោយរុក្ខជាតិព័ណបៃតង និងប្រព័ន្ធភ្លើងចម្រុះពេល រាត្រី ដោយបង្ហាញពីភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់ ។
លោកនាយកបានគូស បញ្ជាក់ថា សួនកំសាន្ត អេដិន ហ្កាឌិន នេះទៀតសោត បង្កើតឡើងសម្រាប់បំពេញតម្រូវការ មនុស្សគ្រប់វ័យក្នុងរយៈពេលពេញមួយថ្ងៃ ដោយអតិថិជនអាចដើរទិញវត្ថុសិល្បៈ ផលិតផល សិប្បកម្មរបស់ខ្មែរ ការទទួលទានអាហារ ការទស្សនាភាពយន្ត និងអាចរាំកម្សាន្តនាពេលយប់ បានទៀតផង ខណៈទីតាំងនេះ បង្កើតឡើងគឺសមស្របសម្រាប់លំហែកំសាន្តទាំងសម្រាប់ក្រុម គ្រួសារ និងមិត្តភក្ដិផងដែរ ៕