ក្រុមហ៊ុនចិនមួយ ស្វែងរកឱកាសវិនិយោគលើវិស័យគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

 ប្រតិភូក្រុមហ៊ុន China Railway 19th Bureau Group របស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យគមនាមន៍ ជាពិសេសផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។ គម្រោងខាងលើត្រូវបានបង្ហើបនៅក្នុង ជំនួបពិភាក្សារវាង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ ជាមួយ នាយកចាត់ចែងក្រុនៅរសៀលថ្ងៃទី២១មិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ លោក គ័ង ជានកាង បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីសាវតាក្រុមហ៊ុន China Railway 19th Bureau Group ដែលមានឯកទេសផ្នែកវិស័យវិស្វកម្ម និងសំណង់ខ្នាតធំ ហើយបច្ចុប្ប ន្នក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការសាងសង់ផ្លូវដែក និងសំណង់ធារាសាស្ត្រ នៅតាមប្រទេស ក្នុងទ្វីបអាហ្វ្រិក និងអាស៊ាន។

លោក គ័ង ជានកាង បានបន្តទៀតថា កម្ពុជាគឺជាទីផ្សារ សំខាន់មួយ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោង វិនិយោគរបស់ក្រុមហ៊ុន China Railway 19th Bureau Group និងបានជម្រាបជូន លោក គ័ង ជានកាង អំពីស្ថានភាពវិស័យគមនាគមន៍នៅកម្ពុជា និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូន ក្នុងនោះក៏មានផ្លូវដែក និងផ្លូវល្បឿនលឿនផងដែរ ហើយនេះគឺជា ឱកាសល្អសម្រាប់ក្រុមហ៊ុន ក្នុងការហក់ចូលទីផ្សារកម្ពុជា។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើលោក គ័ង ជានកាង បញ្ជូនក្រុមការងារ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវដែក និងផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ឲ្យបានច្បាស់លាស់ ដើម្បីចងក្រងរបាយការណ៍ និងដាក់សំណើវិនិយោគជាផ្លូវការជូនរាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា។

សូមបញ្ជាក់ថា នៅក្នុង ប្រទេសកម្ពុជា វិស័យគមនាមន៍ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បណ្តាញគមនាមន៍ជាច្រើន កំពុងត្រូវបានស្ថាបនា ជួសជុល និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវផ្លូវដែកដែលតភ្ជាប់ ពីក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ ទៅកាន់ទីក្រុងបាងកកនៃប្រទេសថៃ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុថែមទៀត។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងពីគម្រោងសាងសង់ផ្លូវដែកថ្មី របស់កម្ពុជា ភ្ជាប់ពីខេត្តបន្ទាយមានជួ័យ ទៅសៀមរាបអង្គរ និងគម្រោងផ្លូវដែកភ្ជាប់ ទៅព្រំដែនវៀតណាម និងឡាវផងដែរ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner