សម្ដេចតេជោ ហ៊ុន សែនផ្តល់ស្លាកឈ្មោះកម្មាភិបាល យុទ្ធជនដែលពលីក្នុងសមរភូមិនាសម័យសង្គ្រាម
កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា២០៨០ ដុល្លាសម្រាប់ ការធ្វើស្លាកឈ្មោះសម្រាប់បិទ១០៤ផ្នូរ កម្មាភិបាល យុទ្ធជនដែលពលីក្នុងសមរភូមិនាសម័យសង្គ្រាម តាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅវិមានរំលឹកគុណយុទ្ធជនពលី នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅពិនិត្យការរៀបចំបិតភ្ជាប់ស្លាកឈ្មោះកម្មាភិបាល យុទ្ធជន ទៅតាមផ្នូរនីមួយៗ ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាម ចំនួន ១០៤ ស្លាកទៀត នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្លាកឈ្មោះ ដែលបានបិទភ្ជាប់និងផ្នូរនេះ គឺត្រូវបានបិទភ្ជាប់ ក្នុងថ្ងៃនេះ ចំនួន១០៤ ស្លាក បន្ថែមលើស្លាកឈ្មោះចាស់ ដែលត្រូវបានចំណាយថវិកា អស់ទឹកប្រាក់ចំនួន២,០៨០ $ ការជម្រុញឲ្យមានការចាត់ចែង ធ្វើស្លាកឈ្មោះនេះ គឺក្នុងពេលដែលឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញមក គោរពវិញ្ញាណក្ខន្ទ នៅវិមានរំលឹកគុណយុទ្ធជនពលី កាលកន្លងទៅថ្មីនេះ គ្រាដែលឯកឧត្តម ហ៊ុន ម៉ាណែត ជាអធិបតីបំពាក់មេដាយការពារជាតិជូនដល់ អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នេះសរបញ្ជាក់ឲ្យឃើញច្បាស់ នូវទឹកចិត្តរបស់ថ្នាក់ ដឹកនាំ មិនត្រឹមតែមើលថែអតីតយុទ្ធជន ដែលសល់ពីសម័យសង្រ្គាមប៉ុណ្ណោះទេ សូម្បីតែអតីតយុទ្ធជនពលី ក៏ត្រូវបានរៀបចំឲ្យមានសោភ័ណភាពស្រស់ស្អាត នៅវិមានរំលឹកគុណយុទ្ធជនពលី នៃតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ហើយនិងរៀបចំឲ្យក្លាយទៅជា កន្លែងសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិទស្សនា និងគោរពវិញ្ញាណក្ខន្ទបុព្វបុរសដែលមានគុណបំណាច់ ដណ្តើមសន្តិភាពជូនជាតិមកដល់ពេលនេះ ។
ដោយ ប៊ុន រដ្ឋា