ផ្លូវកៅស៊ូ ទំហំប៉ុនកង់រថយន្តបាក់ស្រុត ផ្អើលអ្នកដំណើរពេញស្តុបពេទ្យចិន មុខក្រុមហ៊ុន OMC ទឹកដីខណ្ឌ៧មករា!
រាជធានីភ្នំពេញ ៖ កង់បីឥណ្ឌាមួយគ្រឿងខណៈពេលកំពុងដឹកភ្ញៀវ ធ្វើដំណើរតាមផ្លូវ ស្រាប់តែស្រុតផុងកង់មុខកប់តែម្ដង ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្តុបពេទ្យចិន (មុខក្រុមហ៊ុន OMC) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញកង់បីឥណ្ឌា (ឬហៅថា PassApp) មួយគ្រឿង ពណ៌ក្រហម កំពុងដឹកភ្ញៀវ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង លុះមកជិតដល់ចំណុចកើតហេតុ ភ្លើងស្តុបក៏លោតពណ៌ក្រហម ស្រាប់តែពេលឈប់ភ្លាម ផ្លូវថ្នល់ក៏ស្រុតផុងកប់កង់មុខតែម្ដង ទើបបង្កអោយមានការភ្ញាក់ផ្អើលឡើង ។
ម្ចាស់កង់បីឥណ្ឌាក៏បានចុះមកមើលក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុជួយលើកកង់បីរបស់គាត់ឡើងលើផ្លូវ ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត ។
ក្រោយកើតហេតុប្រជាពលរដ្ឋក៏បានរាយការប្រាប់ទៅកាន់សមត្ថកិច្ចដើម្បីទាក់ទងខាងមន្ត្រីពាក់ព័ទ្ធចុះត្រួតពិនិត្យផងដែរ។