សម្ដេចក្រឡាហោម ស ខេងបញ្ជាក់ថា ក្រុមអង្គការ និងគណបក្សនយោបាយ ជាកោសិកាដ៏សំខាន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ គឺជាកោសិកាដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសជាតិ ដូច្នេះប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលឲ្យស្របទៅតាមច្បាប់របស់កម្ពុជា ប៉ុន្តែខាងអង្គការបានលើកឡើងថា សិទ្ធិរបស់ពួកគាត់ នាពេលបច្ចុប្បន្ន មានការរិតត្បិតជាច្រើន ដោយសារខ្វះការសហការ ជាមួយអាជ្ញាធរជាដើម ។
សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាមានចំនួនច្រើន ប៉ុន្តែក្នុងនោះមានចំនួន ៦៤៨ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ខណៈដែលសមាគមនិង អង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំទៀត នៅមិនទាន់បំពេញកាតព្វកិច្ចនៅឡើយ ។
ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល  និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ព្រះរាជាណាចក្រកម្ពុជាយើង អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស អង្គការសង្គមស៊ីវិល និងគណបក្ស នយោបាយ គឺជាកោសិកាដ៏សំខាន់មួយ ដែលមិនអាចខ្វះបាន”។
សម្ដេចបន្ដថា ដូច្នេះដើម្បីធានាសិទ្ធិរបស់ពលរដ្ឋ ក្នុងការចូលរួមកិច្ចដំណើរ ប្រជាធិប តេយ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្ស នយោបាយ ។
លោក សឿង សារឿន ប្រធានអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងជាតំណាងអង្គការសង្គមស៊ីវិល បានថ្លែងថា ទោះបីជាស្ថានភាពទូទៅនៃកិច្ច សហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល មានភាពល្អប្រសើរជិត ៣ទស្សវត្សន៍ កន្លងមកក៏ដោយ ប៉ុន្ដែនាពេល ១ឆ្នាំចុងក្រោយនេះ សង្គមស៊ីវិលបានទទួល រងក្ដីព្រួយបារម្ភមួយចំនួន រួមមាន ,ទី១- ការថយចុះនៃ កិច្ចសហការពីសំណាក់អាជ្ញាធរ មូលដ្ឋាន , ទី២- ការភ្ជាប់អង្គការសង្គមស៊ីវិលទៅនឹងបរិបទនយោបាយ និងចលនា ប្រឆាំងនានា និងទី៣- ការឆ្លើយតបពីសំណាក់ក្រសួងមហាផ្ទៃតាមសំណើ និងតម្រូវការជាច្រើនរបស់អង្គការស៊ីវិល ។
សម្រាប់បញ្ហានេះ សម្ដេច ស ខេង បន្តថា អង្គការទាំងអស់ដែលការបំពេញការងាររបស់ខ្លួន នៅតាមមូលដ្ឋាន ពិសេសនៅពេលមានការជួបជុំជាមួយពលរដ្ឋនោះ គឺអាជ្ញាធរចុះតាមដាន ដើម្បីការពារ សុវត្ថិភាពទៅលើអង្គការសង្គមស៊ីវិលទាំងនោះទេ។
សម្តេចបានឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃ បានទទួលរបាយការណ៍ពីថ្នាក់ក្រោមជាតិ មួយចំនួនថា អង្គការសង្គមស៊ីវិលមួយចំនួន ពុំមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ ឬមិនបាន ផ្ដល់ព័ត៌មានមកអាជ្ញាធរ នៅពេលចុះជួបពលរដ្ឋតាមមូលដ្ឋាន ដូច្នេះទើបអាជ្ញាធរមាន វិការតាមផ្លូវច្បាប់ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ កម្ពុជានឹងមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពជូនពលរដ្ឋខ្មែរ ។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវទៅដល់អាជ្ញាធរតាមមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវខិតខំសម្របសម្រួលដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងការធ្វើសកម្មភាពត្រឹមត្រូវ ដើម្បីចូលរួមបោះឆ្នោតឲ្យស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner