សមិទ្ធផលនៅតាមមូលដ្ឋានជាច្រើន បានកើតឡើងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជាប ដាវុធ សមាជិកគណកម្មាធិកាលកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា  គឺសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។

ឯកឧត្តម ថ្លែងបែបនេះ ខណៈជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ប្រទេសជាតិដូចជា ផ្លូវ ស្ពាន វត្តអារាម និងសាលារៀន ស្ទើគ្រប់មូលដ្ឋាន ក្នុងគោលដៅដើម្បីបង្ករលក្ខណៈងាយ ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា និងដើម្បីជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែសំបូរបែប រាជរដ្ឋាភិបាលមានគោលការណ៍តែមួយគត់ គឺការកាត់បន្ថយភាពក្រីក្រពិតៗ ។
ឯកឧត្តម ជាប ដាវុធ បានលើកឡើងទៀតថា ក្រោយពីថ្ងៃរំដោះ ៧មករា ១៩៧៩ សេដ្ឋកិច្ចកម្ពុជានៅទូទាំងប្រទេស គឺបានធ្លាក់ដល់ចំណុចសូន្យ មិនថាភូមិ ឃុំ តំបន់ ស្រុក ខេត្តណានោះឡើយ ជាក់ស្តែងនៅក្នុងឃុំស្វាយជ្រុំនេះផ្ទាល់ ពីមុនហាក់ដូចជា នៅឆ្ងាយពីទីក្រុង គ្មានផ្លូវល្អ គ្មានស្ពាន គ្មានវត្តអារាម និងគ្មានសាលារៀន បច្ចុប្បន្នឃុំមួយនេះ បានរីកចម្រើនយ៉ាងខ្លាំង និងមានបរិស្ថានល្អ គួរជាទីមោនៈក្នុងការរស់នៅរបស់ប្រជាជនយើងគ្រប់ៗគ្នា ។

ឯកឧត្តម បន្តថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសម្លឹងមើលឲ្យវែងឆ្ងាយ ព្រោះប្រទេសជាតិមានការអភិវឌ្ឍន៍ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋដែល ចង់បានការអភិវឌ្ឍន៍ និងសន្តិភាព គឺត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសនៅក្នុងឱកាសបោះឆ្នោតខាងមុខ នេះ ប្រជាពលរដ្ឋត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការរស់នៅប្រកបដោយសុខសាន្តត្រាណពេញបរិបូរណ៍ ទាំងសិទ្ធក្នុងការរស់នៅ និងការប្រកបមុខរបផ្សេងៗទៀត ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner