ឧបដ្ឋានសាលា ១ខ្នង តម្លៃ ១១ម៉ឺន ៥ពាន់ ដុល្លារអាមេរិក រួមនិងសមិទ្ធផលនានា នៅវត្តគគីរ ត្រូវបានសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង ៖ ឯកឧត្តម សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញចូលរួមប្រារព្ធពិធីសម្ពោធឧបដ្ឋានសាលា ១ខ្នង ដែលទើបសាងសង់រួចចំណាយថវិកាសរុប ១១ម៉ឺន ៥ពាន់ ដុល្លារអាមេរិក និងសមិទ្ធផលនានាដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវិស័យព្រះពុទ្ធសាសនា កាលពីថ្ងៃសៅរ៍៤កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម សៅ សុខា បានលើកអំពីអតីតកាល ឆ្នាំ១៩៧០ រដ្ឋប្រហារទំលាក់សម្តេចព្រះនរោត្តមសីហនុ ក្រោមការឃុបឃិត រវាង លន់ ណុល ជាមួយអាមេរិក បាននាំសង្គ្រាមចូលស្រុក ហើយអាមេរិក បាននាំយកគ្រាប់បែករាប់លាន់តោន ដើម្បីទំលាក់ បំផ្លិចបំផ្លាញជីវិតមនុស្ស បំផ្លិចបំផ្លាញរចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាយើង បន្ទាប់មក ចន្លោះឆ្នាំ១០៧៥ ដល់ឆ្នាំ១០៧៩ កម្ពុជាធ្លាក់ក្នុង របបប្រល័យពូជសាសន៍ប៉ុលពត បានសម្លាប់ប្រជាជនអស់ជាង  ៣លាននាក់ ថែមទៀត ដែលរហូតមកដល់ថ្ងៃនេះ យើងមើលឃើញការពិត សូម្បីតែគ្រាប់បែកគីមីរបស់អាមេរិកនៅលើទឹកដីកម្ពុជា មិនទាន់យកអស់នៅឡើយទេ ។ ដូច្នេះសូមឱ្យបងប្អូនកូនក្មួយលោកយាយ លោកតា ពូ មីង និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង ។
ឯកឧត្តមបន្តថា ដោយសារ ថ្ងៃជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត យើងសង្រ្គោះប្រទេសជាតិឱ្យរស់ឡើងវិញ ហើយបានឋិតថេរគង់វង្ស និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។ បច្ចុប្បន្នកម្ពុជា មានសន្តិភាព មានសន្តិសុខ ស្ថិរភាពនយោបាយល្អ និងរីកចម្រើនគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខកុំបីអាក់ខាន និងត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner