លោកជំទាវ ឌិត នីតា ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមការងារគ្រួសារយើងនៃសហភាពសហព័ន្ឋយុវជនរាជធានីភ្នំពេញ ដឹកនាំដោយលោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បាននាំក្រុមគ្រូពេទ្យជំនាញពិនិត្យ ព្យាបាលជម្ងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនលោកតា លោកយាយ ប្រជាពលរដ្ឋ ក្នុងបរិវេណវត្តនិរោធរស្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីផ្នំពេញ។ ការដឹកនាំក្រុមគ្រូពេទ្យចុះមកនាពេលនេះ គឺបង្ហាញពីបំណងជួយយកចិត្តទុកដាក់ពីក្រុមការងារគ្រួសារយើងនៃសហភាពសហព័ន្ឋយុវជនរាជធានីភ្នំពេញ ចំពោះការរស់នៅ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល ដែលកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងក៏ដូចជាបង្ខិតសេវាថែទាំសុខភាព ក៏ដូចជាមន្ទីរពេទ្យឱ្យជិតប្រជាពលរដ្ឋ។

លោកតា លោកយាយ ប្រជាពលរដ្ឋដែលបានទទួលការពិនិត្យ និងព្យាបាលជម្ងឺនាពេលនេះ មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានក្រុមគ្រូពេទ្យជំនាញៗមកដល់មូលដ្ឋានរបស់គាត់ ហើយក៏ជាការជួយយ៉ាងខ្លាំងដល់ជីវភាព និងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្រុមការងារគ្រួសារយើងនៃសហភាពសហព័ន្ឋយុវជនរាជធានីភ្នំពេញ ដឹកនាំដោយ លោកជំទាវ ឌិត នីតា កន្លងមក បាននាំក្រុមគ្រូពេទ្យជំនាញៗចុះពិនិត្យ ព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋ ដោយ៌តគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខណ្ឌជាច្រើនក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ។ ជាក់ស្តែងនាពេលនេះនៅខណ្ឌច្បារអំពៅ។ ក្រុមគ្រូពេទ្យ បានទទួលពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង៣០០នាក់ ដោយព្យាបាលជម្ងឺទូទៅ ជាពិសេសជម្ងឺភ្នែកតែម្តង ព្រមទាំងចែកជូនថ្នាំពេទ្យផងដែរ។ សកម្មភាពនេះនឹងនៅតែបន្តធ្វើនៅតាមបណ្តាខណ្ឌផ្សេងៗជាបន្តទៀត នាពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងការដឹកនាំក្រុមគ្រូពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅ លោកជំទាវ ឌិត នីតា បាននាំយកទានព្រះវស្សា និងទេយ្យទានមួយចំនួនទៅប្រគេនចៅអធិការវត្តនិរោធរស្សី សម្រាប់បូជាព្រះរតនត្រ័យ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ដែលកាន់តែខិតជិតចូលមកដល់។ បុណ្យចូលវស្សា ជាបុណ្យដ៏ធំមួយ នៃព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសមណេ បានរៀនធម៌ វិន័យយ៉ាងភ្ជាប់ភ្ជួនតាមពុទ្ធឱវាទនៃព្រះបរមគ្រូ ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាក៏បាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា ។ បុណ្យចូលកាន់ព្រះវស្សា គឺជាពិធីបុណ្យ ដ៏ធំរបស់ពុទ្ធសាសនិកជន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មានរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner