ឯកអគ្គរាជទូតចក្រភពអង់គ្លេសចប់អាណត្តិសន្យានឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦មុននឹងលោកចាកចេញពីកម្ពុជា
ឯកអគ្គរាជទូតចក្រភព អង់គ្លេស ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិលោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) បានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា លោកនឹង ចាកចេញពីប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតសកលរួច។ ដូច្នេះ លោកនឹងចូលរួម សង្កេតការណ៍ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នោះផងដែរ។
លោក វីលៀម ជេស ឡុងហឹស្ត បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ប៉ុន្តែឆ្នាំ២០១៨នេះ ជាការបោះឆ្នោតសកល ជាបទពិសោធន៍ថ្មីមួយ ដែលលោកនឹង ទទួលបាន។ ក្នុងនាមរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
អ្វីដែលជាសមិទ្ធផលនៅក្នុងរយៈ បេសកកម្ម៤ឆ្នាំ មកនេះ លោក វីលៀម ជេស ឡុងហឹស្ត បានលើកឡើង ថា រដ្ឋសភាកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថានទូតអង់គ្លេស។ ស្ថានទូតអង់គ្លេស បានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការពង្រឹងសមត្ថភាព តំណាងរាស្រ្តជាស្រ្តី តាមរយៈការរៀបចំឲ្យមានសិក្ខាសាលាជាច្រើនលើក។ លោក វីលៀម ជេស ឡុងហឹស្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកអង់គ្លេសបានផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជា បានទៅសិក្សានៅអង់គ្លេស ផ្តល់ជំនួយខាងដោះមីន និងសកម្មភាព សង្គមជាច្រើនទៀត ហើយបេសកកម្មនោះនឹងនៅបន្តទៅមុខទៀត។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានជួយគំាទ្រកម្ពុជារហូតមក។
សម្តេចបានលើកឡើងថា កម្ពុជា-ចក្រភពអង់គ្លេស មានទំនាក់ទំនងការទូត ជាមួយគ្នាជាង៦ ទសវត្សរ៍មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជាតិ និងប្រទេសទំាងពីរ បាននាំមកនូវ ឧត្តម ប្រយោជន៍ទៅវិញ ទៅមក ជាពិសេសបានរួម ចំណែក ដល់ការអភិវឌ្ឍរបស់កម្ពុជា ទំាងពេលបច្ចុប្បន្ន និង អនាគត។ សម្តេចប្រធានរដ្ឋសភា បានជម្រាបលោកឯកអគ្គរាជទូតថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខ ដែល មានគណបក្សនយោបាយចំនួន ២០ ចូល រួម ប្រកួត ប្រជែង។
ការបោះឆ្នោត នឹងប្រព្រឹត្តទៅតាមការ កំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ ប្រជាធិបតេយ្យ។ កម្ពុជា ខិតខំរក្សាឲ្យបាននូវសន្តិ ភា ព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ ដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំមកនូវសេចក្តីសុខ ក្សេមក្សាន្ត ជូនប្រជាជន កម្ពុជា។ សម្ដេចស្នើឲ្យលោកឯករាជទូត នៅតែបន្តរក្សា ទំនាក់ទំនង ល្អជាមួយកម្ពុជា និងជួយផ្សព្វផ្សាយពី សក្កានុពល ទេសចរណ៍កម្ពុជា ដល់ប្រជាជន និងអ្នកវិនិយោគិន នៅ អង់គ្លេស ឲ្យកាន់តែច្រើនថែមទៀត ទោះបីបេសកកម្មការទូតរបស់ លោកឯកអគ្គរាជទូត នៅកម្ពុជា ត្រូវបាន បញ្ចប់ និងទៅបំពេញភារកិច្ច នៅ ស្ថាប័នផ្សេងក្តី ។