អាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការចំពោះការបង្ហោះDrone នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃ១២មិថុនាម្សិលមិញ បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មា នខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគម ទីភ្នាក់ ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការ លួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរ។

ការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈសេចក្តីជូនដំណឹង ហើយក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក្តី។ ការរៀបចំកិច្ចប្រជុំ គឺក្នុងគោលដៅ ពិភាក្សា រកវិធីសាស្ត្រផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ អ្នកប្រើប្រាស់Drone និងរិះរកវិធានការពិន័យតឹងរឹងបន្ថែមទៀត។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ មានប្រសាសន៍ថា កំណើននៃDroneក្នុងតំបន់អង្គរ វាជាហានិភ័យដល់ ប្រាង្គប្រាសាទនានា បង្កការរំខាន និងអាចប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ និងភ្ញៀវទេសចរថែមទៀត។

ម្យ៉ាងវិញទៀត Drone ជាបច្ចេកវិជ្ជា ដ៏ទំនើប ដែលអាចបង្កភាពងាយស្រួល ដល់ក្រុមភេរវកម្មក្នុងការបំផ្លាញដល់រមណីដ្ឋាន បេតិកភណ្ឌពិភពលោកផងដែរ។ អនុប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលលោក ក្រូច វ៉ាន់ឌី បញ្ជាក់ថា ជាគោលការណ៍ កន្លងមក លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់ មិនឲ្យមានប្រើប្រាស់Droneជាលក្ខណៈបុគ្គលឡើយ។ ប៉ុន្តែគេអាចអនុញ្ញាតបានតែក្នុងករណី ក្រុមហ៊ុនមានចុះបញ្ជីត្រឹមត្រូវ និងអាចអនុញ្ញាតឲ្យបង្ហោះក្នុងរយៈចម្ងាយ១៥០គម ពីតំបន់ហាមឃាត់ និងមិនឲ្យហួសពីកម្ពស់១៥០ម៉ែត្រពីដី។ ប្រធាននាយកដ្ឋាន នគរបាលទេសចរណ៍ លោកឧត្ដមសេនីយ៍ឯក ឡាយ ប៊ុនថន បានបង្ហាញការគាំទ្រ ចំពោះការរឹតបន្តឹងនូវវិធានការទប់ស្កាត់ និងបង្ក្រាបនូវការបង្ហោះDroneក្នុងតំបន់ហាមឃាត់ ជាពិសេសគឺរមណីយដ្ឋានអង្គរតែម្តង។ លោកបញ្ជាក់ថា វិធានការដែលសំខាន់គឺការទប់ស្កាត់ កុំឲ្យមានអ្នកលួចបង្ហោះបាន តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយ គ្រប់ទីតាំងសំខាន់ៗ ដែលភ្ញៀវទេសចរឆ្លងកាត់ និងស្នាក់នៅ មុននឹងពួកគាត់ធ្វើដំណើរទៅកាន់កន្លែងកម្សាន្ត។

កិច្ចប្រជុំនេះបានព្រមព្រៀងគ្នាដើម្បីបង្កើតក្រុមការងារចម្រុះមួយដែលនឹងពិភាក្សាទៅលើអង្គច្បាប់ ដើម្បីចាត់វិធានការតឹងរឹងបន្ថែមទៀត។ ចំណែកវិធានការជាបណ្តោះអាសន្ន គឺត្រូវចាប់ Droneរក្សាទុកមួយរយៈជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់បំពេញបែបបទស្នើសុំ តាមក្រោយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរានិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងរៀបចំការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត នូវបម្រាមប្រើប្រាស់Drone ក្នុងតំបន់អង្គរ ដូចជា ការបោះពុម្ពផ្ទាំងប៉ាណូធំៗ ការដាក់សញ្ញាហាមឃាត់នៅ លើបណ្ណទស្សនា និងការផ្សព្វផ្សាយនៅលើគេហទំព័រទេសចរណ៍ជាដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner