កីឡាករ យ៉ាន់ ពិសី និងជន ស៊ីផា ឈ្នះជើងឯកពីរពូលផ្សេងគ្នា ការប្រកួតកីឡាប្រណាំងសេះ Smart Land & Home Championsប្រចាំខែមិថុនា

អត្ថបទដោយ៖
ហេង វណ្ណា

កីឡាករ យ៉ាន់ ពិសី និងកីឡាករ ជន ស៊ីផា បានឈ្នះជើងឯកពីរពូលផ្សេងៗពីគ្នា បន្ទាប់ពីបានប្រើប្រាស់បច្ចេកទេសរបស់ខ្លួនបញ្ជាសេះល្បឿនល្អផ្តាច់គេ ក្នុងចំណោមការប្រកួតសេះជាច្រើន ក្បាល នៅក្នុងព្រឹត្តិការណ៍កីឡាប្រណាំងសេះ ដណ្តើមពានរង្វាន់ Smart Land and Home Champions  រដូវកាលទី៣ ឆ្នាំ ២០១៨ ប្រចាំខែមិថុនា ដែលបានប្រារព្ធធ្វើឡើងដោយជោគជ័យ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ នៅទីលាន SCT Sport Complex ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៃតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន 7NG។

កីឡាករឆ្នើម យ៉ាន់ ពិសី ដែលតែងតែឈ្នះជើងឯកស្ទើររៀងរាល់ខែនោះ នៅតែការពារម្ចាស់ដំណែង ជើងឯករបស់ខ្លួនបានយ៉ាងល្អ ដោយនៅខែមិថុនានេះ កីឡាកររូបនេះបានឈ្នះជើងឯកក្នុងពូលC ដែលបាន បញ្ជាសេះឈ្មោះ NAVARA កម្ពស់ ១ម៉ែត្រ៤៥ ខណៈពូល C នេះដែរ ចំណាត់ថ្នាក់លេខ២ ដណ្តើមបាន ដោយសេះឈ្មោះ KK បញ្ជាដោយកីឡាករ លាស់ ម៉ាណ និងលេខ៣ ដណ្តើមបានដោយសេះឈ្មោះអាឆ្លាម បញ្ជាដោយកីឡាករ នាក់ ម៉ៅ ហៅមករា។

ចំពោះកីឡាករ ជន ស៊ីផា ដែលឈ្នះជើងឯកដែរនោះ គឺឈ្នះក្នុងពូល D ដែលបញ្ជាសេះឈ្មោះ ប្រុស ប៉ាវ  ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើសេះឈ្មោះ អារ៉េ បញ្ជាដោយកីឡាករ យ៉ាន់ ពិសី និងចំណាត់ថ្នាក់ លេខ៣ បានទៅលើសេះឈ្មោះ អាចេត បញ្ជាដោយកីឡាករ ម៉ាក់ បុរី ដោយសេះជ័យលាភីទាំង៣ក្បាលនេះ មានកម្ពស់ ១ម៉ែត្រ៣៧ ដូចៗគ្នា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រណាំងសេះល្បឿន ដណ្តើមពានរង្វាន់ Smart Land and Home Champions  នៃ ក្រុមហ៊ុន 7NG បានដំណើរការប្រកួតជារៀងរាល់ខែចំនួន៣រដូវកាលហើយ ដោយក្នុងគោលដៅបំផុស និង បង្កើនបច្ចេកទេសកីឡាករ និងសេះឲ្យមានគុណភាពខ្ពស់ៗ ដើម្បីរួមចំណែកអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាសហព័ន្ធជំនាញ ក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner