អភិបាលខេត្តកណ្ដាល អំពាវនាវឱកាសអាជ្ញាធរក្រុង-ស្រុក ពង្រឹងកីឡាគ្រប់ប្រភេទ ដើម្បីសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសបង្កើតនូវមិត្តភាព សាមគ្គីភាព

ឯ ឧ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវ ក្នុងពិធីពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលថា អាជ្ញាធរក្រុង-ស្រុក ត្រូវតែពង្រឹងកីឡាគ្រប់ប្រភេទ ដើម្បីសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសបង្កើតនូវមិត្តភាព សាមគ្គីភាព ។


ឯ ឧ គង់ សោភ័ណ្ឌ បានបន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ប្រមុខដឹកនាំដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយជាតិ នៃការអភិវឌ្ឍអប់រំកាយ និងកីឡា ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ ឱកាសនិងបណ្ដុះវប្បធម៌អប់រំកាយ និងកីឡា ដល់ប្រជាជនគ្រប់រូបឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីជាក្រុម គំនិតច្នៃប្រឌិត និងប្រកួតដណ្ដើមបានលទ្ធផលល្អប្រសើរ ជូនខេត្ត និងប្រទេសជាតិ លើឆាកអន្តជាតិ ។ ឯ ឧ ក៏បានសម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបានប្រកួតយ៉ាងស្វិតស្វាញ ប្រកបដោយក្រមសីលធម៌ និងវិន័យ រហូតដណ្ដើមបានជ័យលាភី ។ ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី មិនត្រូវមានការអស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀត ។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមដណ្តើមមេដាយ នៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ក្នុងឱកាសនោះដែរ ឯ ឧ អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ព្រោះថា នៅលើពិភពលោកនេះ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ ជាងនេះទៅទៀត ឯ ឧ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង អ្នកដទៃ និងក្រុមគ្រួសារផងដែរ ។


ជាលទ្ធផល នៃការប្រកួត កីឡាបាល់ទាត់បុរស លេខ១បានទៅលើ ក្រុមយុវជន វិទ្យាល័យជ័យវរ្ម័នទី៧ លេខ២ ក្រុមនគរបាលព្រហ្មទណ្ឌខេត្ត និងលេខ៣ក្រុម ស ស យ ក ស្រុកល្វាឯម ។ បាល់ទាត់នារី លេខ១ ឮក្រុម NERC លេខ២ ក្រុម ស ស យ ក ស្រុកស្អាង A និងលេខ៣ ក្រុម ស ស យ ក ស្រុកស្អាង B ។ បាល់ទះផ្នែកបុរស លេខ១ ក្រុមសម្រែកយុវជនព្រែកតាពៅ លេខ២ ក្រុមយុវជនក្រាំងយ៉ូវ និងលេខ៣ ក្រុមយុវជនស្រុកស្អាង ។ បាល់ទះផ្នែកនារី លេខ១ ក្រុម រួមចិត្តតែមួយ លេខ២ ក្រុមវិទ្យាល័យព្រែកស្លែង និងលេខ៣ ក្រុមឃុំគោកត្រប់ កីឡាទាញព្រ័ត្រ ផ្នែកបុរស លេខ១ ក្រុមភូមិព្រែកហូរ ខាងកើត១ លេខ២ ក្រុមភូមិព្រែកហូរ ខាងកើត២ និងលេខ៣ ក្រុមយុវជន U18 ។ កីឡាទាញព្រ័ត្រ ផ្នែកនារី លេខ១ ក្រុមរួមចិត្តតែមួយ១ លេខ២ ក្រុមភូមិព្រែកហូរខាងកើត និងលេខ៣ ក្រុមរួមចិត្តតែមួយ២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner