រយៈពេល២សប្ដាហ៍ដើមខែឧសភា ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗ
រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍នាថ្ងៃទី២២ ខែឧសភានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។
បើតាមលោក ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
សូមជម្រាបជូនថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល៕