ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន៥វិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជិត១៧០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែឧសភា នេះបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនសរុបចំនួន៥ ធ្វើការវិនិយោគលើវិស័យទេសចរណ៍ ថាមពល និងសំណង់ ដែលមានទំហំទឹកប្រាក់សរុបជាង១៧០លានដុល្លារអាមេរិក។ ក្នុងចំណោមក្រុមហ៊ុនទាំង៥នេះ មាន២ក្រុមហ៊ុន នឹងធ្វើការវិនយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងស្វាយរៀង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុន“YONG WANG (CAMBODIA) CO., LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។
ក្រុមហ៊ុន“PROSPECT ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។ និងក្រុមហ៊ុន“RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD.” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៥០,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Campico Global Flooring Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។ និងក្រុមហ៊ុន JL Cool Refrigeration Technology Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង៕