សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ១១៦គ្រួសារ ក្នុងក្រុងសៀមរាប

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងសមាជិកសមាជិកា សាខាកាបាទក្រហមកម្ពុជាខេត្តជាច្រើននាក់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះ( ចាស់ជរាគ្មានទីពឹង ជនពិការទីទ័យក្រ អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយទីទ័លក្រ និងអ្នកជំងឺរ៉ាំរ៉ៃទីទ័លក្រ) សរុបចំនួន១១៦គ្រួសារ មកពីសង្កាត់គោចក សង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងបរិវេណវត្តទេពពោធិវង្ស ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ កាកបាទក្រហមកម្ពុជាជាសមាគមន៍មនុស្សធម៌ បានជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះជាប្រចាំ ក្រៅពីការផ្តល់អំណោយមនុស្សធម៌បន្ទាន់ដល់គ្រួសារ  និងជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងបង្កឡើងដោយមនុស្សនោះ ក៏បានកំណត់នូវលក្ខខណ្ឌងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការទីទ័យក្រ ដោយមិនប្រកាន់និន្នការ ជាតិសាសន៍ពណ៌សម្បុរឡើយ។

ឯកឧត្តម បន្តថា៖ អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ បង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តម ទៀ សីហា បានសំណូមពរនិងផ្តាំផ្ញើ ឱ្យបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង មិនថានៅទីជនបទឬក៍នៅទីប្រជុំជនឬទីក្រុងឡើយ សូម យកចិត្តទុកដាក់ការពារខ្លួន មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩  ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា  ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។

ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។ពិសេសមេឃរកកលភ្លៀង និងកំពុងភ្លៀងធ្លាក់ ដោយត្រូវរួសរាន់រកទីតាំងណាដែលមានសុវត្ថិភាពគត់មត់ល្អ  និង សូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំបណ្តោយឱ្យក្មេងលេងក្រៅផ្ទះ កុំជ្រកក្រោមដើមឈើ ត្រូវបិទឧបករណ៍ដែលងាយឆ្លងចរន្តអគ្គិសនី ដូចជាវិទ្យុទូរទស្សន៍ ទូរស័ព្ទជាដើមក្នុងពេលភ្លៀង និងមានរន្ទះជាដើម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ តង់១ សាប៊ូ២ដុំ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី២ដប ទឹកត្រី២ដប និងថវិកា១សែនរៀល ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner